បន្ទាប់ពីឃ្លាតកាយឆ្លាយសិល្បៈប៉ុន្មានឆ្នាំមកនេះ ធីតាឯកសង្ក្រាន្ត ២០២២ ហេង រិនសុម៉ាលីតា ក៏បានត្រឡប់ទៅកាន់អាជីពដើមរបស់នាងវិញ គឺជានារីអាកាសចរណ៍ដែលនាងធ្លាប់ធ្វើតាំងតែពីរៀននៅសាកលវិទ្យាល័យឆ្នាំទី ១ អំឡុងឆ្នាំ ២០១៨ មកម្ល៉េះ។

លើសពីនេះ កាលមួយរយៈមុន អ្វីរឹតតែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍លើស្រីស្អាត ម៉ាលីតា ជាពិសេសសរសើរទាក់ទងនឹងសមត្ថភាពរបស់នាង ខណៈបានឃើញនាងបង្ហាញពីការសម្រេចក្ដីស្រមៃដ៏ធំមួយក្នុងការខំប្រឹងប្រែងអស់រយៈពេលជាង ៧ ឆ្នាំ លើវិស័យអាកាសចរណ៍ ដែលនាងកាន់តែទទួលបានភាពជោគជ័យ ក្រោយជាប់ជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងលើពិភពលោកទៀតផង គឺក្រុមហ៊ុន Emirates។


ក្រោយជាប់ឈ្មោះជាបុគ្គលិកក្នុងក្រុមហ៊ុន Emirates ម៉ាលីតា ក៏ត្រូវបានតម្រូវឱ្យនាងទៅរស់នៅឯទីក្រុងឌូបៃ ប្រទេសអារ៉ាប់រ៉ូម ដើម្បីធ្វើហ្វឹកហាត់រៀនបន្ថែមរយៈពេលប៉ុន្មានខែ ដែលពេលនេះ នាងក៏បានក្លាយជាបុគ្គលិកពេញសិទ្ធ ចូលមប្រើការងារក្នុងក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនេះជាផ្លូវការហើយដែរ។


ដោយឡែក ស្របពេលកំពុងបម្រើការងារជាច្រើនខែនៅក្រុមហ៊នលំដាប់អន្តរជាតិដ៏ធំលើទឹកដីឌូបៃនេះដែរ ថ្មីៗនេះ ក៏បានឃើញ កញ្ញា ម៉ាលីតា មកលេងទឹកដីស្រុកកំណើតមួយរយៈ ដែលអ្វីកំពុងធ្វើឱ្យមហាជនសរសើរនោះ ក្រោយឃើញនាងឆ្លៀតទៅកាន់ទឹកដីខេត្តសៀមរាប និង ស្លៀកឈុតនារីអាកាសចរណ៍ថតមុខប្រាសាទអង្គរជួយផ្សព្វផ្សាយពីសម្បត្តិកម្ពុជាទៅកាន់ពិភពលោកទៀតផង៕
















