នៅកម្ពុជា ប្រជាពលរដ្ឋជាច្រើនមានបញ្ហាស្បែករមាស់ពេញរាងកាយ បើទោះជាមិនឃើញមានស្នាមកន្ទួល ឬ បញ្ហាស្បែកក៏ដោយ។ អាការរមាស់បែបនេះ កើតមានឡើងជាទូទៅច្រើនជាងយើងគិតទៅទៀត ហើយការប្រើថ្នាំព្យាបាលក៏មិនងាយនឹងជាបាត់ទៅវិញផងដែរ ខណៈការយល់ដឹងអំពីមូលហេតុដែលនាំឱ្យមានអាការនេះ អាចជួយបុគ្គលខ្លួនឯង និង គ្រួសារ ក្នុងការការពារ និង ដឹងថាពេលណាត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ។
ជាក់ស្ដែងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ វេជ្ជបណ្ឌិត គួច ម៉េងលី បានឆ្លើយតបទៅនឹងសំណួរថា ៖ «ហេតុអ្វីបានជាប្រជាជនកម្ពុជាច្រើនមានអាការរមាស់ខ្លួនដោយមិនមានកន្ទួល?» ព្រមទាំងបានបញ្ជាក់នូវមូលហេតុទូទៅ ដែលនាំឱ្យកើតអាការរមាស់រាងកាយនៅប្រទេសកម្ពុជា ដែលមានដូចជា ៖
១. មូលហេតុទូទៅបំផុត (លក្ខខណ្ឌប្រព័ន្ធដែលមិនបានធ្វើរោគវិនិច្ឆ័យ)
ប្រជាជនកម្ពុជាជាច្រើន បានទទួលរងនូវអាការរមាស់រ៉ាំរ៉ៃ ក៏ព្រោះតែបញ្ហាសុខភាពខាងក្នុង ដែលជារឿយៗមិនធ្លាប់បានទទួលការធ្វើរោគវិនិច្ឆ័យទេ។ លក្ខខណ្ឌទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់សរីរាង្គផ្សេងៗ ដូចជាថ្លើម តម្រងនោម ក្រពេញទីរ៉ូអ៊ីត ឬ ឈាម ហើយបណ្តាលឱ្យរមាស់ពីខាងក្នុងរាងកាយ ទោះបីជាស្បែកខាងក្រៅមើលទៅធម្មតាក៏ដោយ។
+ ជំងឺថ្លើម (ជំងឺរលាកថ្លើម ជំងឺក្រិនថ្លើម ជំងឺស្ទះទឹកប្រមាត់)
– អាការរមាស់កើតឡើងពេលដែលសារធាតុអំបិលក្នុងទឹកប្រមាត់កើនឡើងក្នុងរាងកាយ ដោយសារតែថ្លើមមានបញ្ហា។
– មូលហេតុទូទៅក្នុងប្រទេសកម្ពុជា ជំងឺរលាកថ្លើមប្រភេទ B ឬ C, ការសេពគ្រឿងស្រវឹង និង ការប៉ះពាល់ជាមួយនឹងសារធាតុគីមីផ្សេងៗ។
– រោគសញ្ញារួមមានដូចជា ស្បែក ឬ ភ្នែកឡើងពណ៌លឿង អស់កម្លាំង និង ទឹកនោមឡើងពណ៌ខ្មៅ ប៉ុន្តែអាការរមាស់អាចលេចឡើងមុនពេលមានរោគសញ្ញាទាំងអស់នេះ។
+ ជំងឺតម្រងនោម (Uremia)
– ពេលដែលតម្រងនោមមិនដំណើរការល្អ នោះកាកសំណល់នឹងនៅក្នុងឈាម ហើយធ្វើឱ្យមានអាការរមាស់។
– ជារឿយៗគេសង្កេតឃើញកើតមានឡើងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឬ លើសឈាម។
– ជាធម្មតាអាការរមាស់ខ្លាំងនៅពេលយប់ ហើយរមាស់នៅលើខ្នង ដៃ ឬផ្ទៃមុខ។
+ ជំងឺទឹកនោមផ្អែម
– រំហូរឈាមខ្សោយ ស្បែកស្ងួត និង ការខូចខាតសរសៃប្រសាទចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏អាចបណ្តាលឱ្យរមាស់ដោយគ្មានស្នាមកន្ទួលផងដែរ។
– កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ក៏ជាមូលហេតុធ្វើឱ្យស្បែកងាយប្រតិកម្ម និង ស្ងួតផងដែរ។
+ ជំងឺក្រពេញទីរ៉ូអ៊ីត
– អតុល្យភាពនៃអ័រម៉ូនទីរ៉ូអ៊ីតអាចធ្វើឱ្យស្បែកឡើងស្ងួត និង រមាស់ខ្លាំង។
– ស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំ ទំនងងាយរងផលប៉ះពាល់ ប៉ុន្តែជារឿយៗមិនសូវបានចាប់អារម្មណ៍ពីវានោះទេ។
+ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែក
– កម្រិតជាតិដែកទាបអាចបណ្តាលឱ្យមានអាការរមាស់ទូទៅ និង ដោយមិនមានសញ្ញាទៀតផង។
– ស្ថានភាពនេះកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមស្ត្រី និង កុមារ។
+ ជំងឺមហារីក (ឧទាហរណ៍ ជំងឺមហារីកកូនកណ្តុរ ជំងឺមហារីកគ្រាប់ឈាម)
– ជាករណីកម្រ អាការរមាស់ធ្ងន់ធ្ងរដែលគ្មានស្នាមកន្ទួលអាចជារោគសញ្ញាដំបូង នៃជំងឺមហារីកគ្រាប់ឈាមមួយចំនួន។
– រោគសញ្ញាផ្សេងទៀតរួមមានដូចជា បែកញើសពេលយប់ ការស្រកទម្ងន់ដោយមិនដឹងមូលហេតុ និង ឡើងកូនកណ្តុរ។
២. អាកាសធាតុក្តៅ និង ការបែកញើស
ញើស និង ធូលីដីលាយឡំនៅលើស្បែកអាចបណ្តាលឱ្យរលាក ជាពិសេសនៅពេលដែលយើងមិនបានសម្អាតឱ្យបានត្រឹមត្រូវ។ ចំណែកឯការស្លៀកពាក់តឹងចង្អៀត ឬ ប្រើប្រាស់ប្រភេទក្រណាត់ដែលឆ្លងកាត់ការធ្វើសំយោគ រឹតតែធ្វើឱ្យអាការៈរមាស់កាន់តែធ្ងន់ធ្ងរ។
+ ស្បែកស្ងួត (Xerosis)
– ឧស្សាហ៍លាងសម្អាតជាមួយសាប៊ូ ជាពិសេសជាមួយទឹកក្តៅអាចកម្ចាត់ជាតិប្រេងធម្មជាតិ។
– ស្បែកស្ងួតអាចបណ្តាលឱ្យរមាស់ជាប្រចាំ ជាពិសេសចំពោះមនុស្សចាស់។
+ ទឹកមិនស្អាត ឬ មានសារធាតុគីមី
– ងូតទឹកអណ្តូង ឬ ទឹកទន្លេដែលអាចមានផ្ទុះសារធាតុគីមី ជាតិដែក ឬ បាក់តេរីដែលធ្វើឱ្យស្បែករលាក។
– ទឹកម៉ាស៊ីនដែលមានជាតិក្លរីនក៏អាចធ្វើឱ្យស្ងួតស្បែកផងដែរ។
+ ការប៉ះពាល់ពីអាហារ និង សារធាតុគីមី
– បរិភោគអាហារដែលគេប្រើថ្នាំសម្លាប់សត្វល្អិត ជីគីមី ឬ សារធាតុរក្សាទុកច្រើនពេកអាចបង្កឱ្យមានប្រតិកម្មអាឡែស៊ីក្នុងខ្លួន។
– ឱសថបុរាណ ឬ ថ្នាំបំប៉នមួយចំនួនដែលមិនមានការគ្រប់គ្រងច្បាស់លាស់ ក៏អាចបង្កផលប៉ះពាល់ដល់ថ្លើម និង បង្កការរមាស់ផងដែរ។
+ ភាពតានតឹង និង សុខភាពផ្លូវចិត្ត
– ការព្រួយបារម្ភ ការថប់បារម្ភ និងស្ថានភាពតានតឹងមួយចំនួនក៏អាចបណ្តាលឱ្យមានអាការរមាស់ ទោះបីជារាងកាយមានសុខភាពល្អក៏ដោយ។
– អាការៈនេះត្រូវបានគេហៅថា pruritus psychogenic ហើយជារឿយៗត្រូវបានគេមិនអើពើ ឬមានការយល់ខុស។
+ ប៉ារ៉ាស៊ីត ឬ ប្រភេទមេរោគឆ្លងដែលលាក់ខ្លួន
– សត្វល្អិត ឬ ព្រូនក្នុងពោះវៀនក៏អាចបណ្តាលឱ្យរមាស់ មុនពេលមានកន្ទួលដែលអាចមើលឃើញ។
– ករណីទាំងនេះកើតមានឡើងជាទូទៅជាពិសេសក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន ឬ ទីជនបទដាច់ស្រយាល។
ក្រៅពីនេះ លោកវេជ្ជបណ្ឌិត ក៏បានណែនាំពីវិធីដើម្បីការពារ និង គ្រប់គ្រងការរមាស់ ដេលមានដូចជា ៖
- ងូតទឹកស្អាត ក្ដៅឧណ្ហៗជារៀងរាល់ថ្ងៃ។
- ប្រើប្រេងដូង ឬ ប្រភេទឡេដែលផ្តល់សំណើមបន្ទាប់ពីងូតទឹករួចដើម្បីជួយឱ្យស្បែកទន់រលោង។
- ជៀសវាងការប្រើសាប៊ូ ទឹកអប់ដែលមានក្លិនឆួលខ្លាំង និង ផលិតផលគីមី។
- ស្លៀកសំលៀកបំពាក់កាតុង រលុងៗ ដើម្បីកាត់បន្ថយការបែកញើស។
- ផឹកទឹកស្អាតឱ្យបានច្រើនដើម្បីជួយបញ្ចេញជាតិពុលពីក្នុងរាងកាយ។
- បរិភោគអាហារស្រស់ មានអនាម័យ លាងសម្អាតបន្លែ ផ្លែឈើស្រស់ឱ្យបានស្អាត។
- ជៀសវាងការប្រើថ្នាំដោយខ្លួនឯងឬឱសថបុរាណដែលមិនស្គាល់។
- ទៅពិនិត្យសុខភាពមុខងាររបស់ថ្លើម តម្រងនោម ក្រពេញទីរ៉ូអ៊ីត និងកម្រិតជាតិស្ករ ប្រសិនបើមានរោគសញ្ញាទាំងនេះ។
ពេលត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ សូមស្វែងរកការព្យាបាល ប្រសិនបើអ្នកមានអាការៈដូចខាងក្រោមនេះ៖
- រមាស់ដែលមានរយៈពេលយូរជាង ២ ឬ ៣ សប្តាហ៍
- មិនមានការធូរស្បើយក្រោយពីព្យាបាលដោយប្រើក្រែម ឬ ថ្នាំ
- ភ្នែក ឬ ស្បែកឡើងពណ៌លឿង អស់កម្លាំង ឬ ស្រកទម្ងន់
- ទឹកនោមឡើងពណ៌ខ្មៅ ឬ បែកញើសពេលយប់៕