មហាជនអ្នកគាំទ្រតាមដានរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់បានចាប់អារម្មណ៍ហើយកាលពីដើមខែ ឧសភា ឆ្នាំ ២០២៥ កន្លងទៅ បវរកញ្ញារូបនេះ និង កញ្ញា ហុក សារិតុលា បានធ្វើដំណើរទៅកាន់ប្រទេសទីម័រខាងកើត និង បង្ហាញសកម្មភាពជាច្រើនលើទឹកដីប្រទេសទីម័រពេញដោយក្ដីមោទកភាព ព្រមទាំងបានចូលជួបនឹងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដោយផ្ទាល់។


ក្នុងដំណើរទៅកាន់ប្រទេសទីម័រពេលនោះដែរ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញា ហុក សារិតុលា ក៏បានប្រាប់ឱ្យដឹងថា អ្នកទាំងពីរ ទៅដើម្បីតំណាងឱ្យសិល្បករកម្ពុជា ក្នុងការសម្តែងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ប្រទេសទីម័រខាងកើត។


លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា ក៏បានបង្ហាញក្ដីរំភើបចិត្ត និង មានកិត្តិយសខ្លាំង ដែលទទួលបានឱកាសតំណាងជាសិល្បករកម្ពុជា និង បានឡើងសម្ដែងចម្រៀងដោយផ្ទាល់ក្នុងកម្មវិធីដ៏ធំនេះទៀតផង។

ដោយឡែក មកដល់ថ្មីៗនេះ ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីបានបញ្ចប់ ដែលប្រទេសទីម័រខាងកើតក្លាយជាសមាជិកអាស៊ានទី ១១ ក៏បានឃើញហ្វេសប៊ុកផេករបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះសារបង្ហាញការអបអរដល់ប្រទេសទីម័រ ក្នុងនាមជាសិល្បករកម្ពុជាធ្លាប់មានកិត្តិយសទៅតំណាងកម្ពុជាសម្ដែងក្នុងជំនួបរវាងនាយកមន្រ្តីកម្ពុជា-ទីម័រ ព្រមទាំងនាងមានកិត្តិយសបានជួបថតជាមួយ នាយករដ្ឋមន្រ្តីរបស់ប្រទេសទីម័រ ដោយផ្ទាល់ផងដែរ។



ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «អបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្លាយជាសមាជិកទី១១ របស់អាស៊ានយ៉ាងពេញលេញនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ Congratulations to Timor-Leste on officially becoming the 11th member of ASEAN this 26 October 2025. May the friendship and cooperation among all ASEAN nations continue to flourish in unity and peace. It is truly an honor to have experienced this an opportunity in Timor-Leste and to represent Cambodia as a country ambassador. My sincere gratitude to the Prime Minister and the leaders of Timor-Leste for their warm welcome and hospitality during my visit. Congratulations once again, and welcome to the ASEAN family!»៕





