និយាយពីតារាស្រីពហុជំនាញកញ្ញា ព្រះកាយ ច័ន្ទ បើរឮកជុំវិញរឿងវិស័យបវរកញ្ញា កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ តារាស្រីរូបនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះចាប់អារម្មណ៍គាំទ្រខ្លាំង ក្រោយពីនាងបានឈានជើងចូលវិស័យនេះ ប៉ុន្តែក៏ហាក់ធ្វើឱ្យអ្នកគាំទ្រខកចិត្ត និង ស្ដាយសមត្ថភាពមិនតិចដែរ ក្រោយបានបោះបង់ការប្រកួតវិញ។
យ៉ាងណាមិញ ក្រោយពីឆ្លងកាត់ការប្រកួតប្រជែងលើវិស័យនេះមួយរយៈ និង បានបោះបង់វិញ ជាង ១ ឆ្នាំមកនេះ ព្រះកាយ ច័ន្ទ ក៏បានវិលទៅកាន់អាជីពសិល្បៈវិញ ដោយពុំឃើញបង្ហើបទាក់ទងនឹងវិស័យបវរកញ្ញាទៀតឡើយ ប៉ុន្តែតារាស្រីរូបនេះ ក៏នៅតែទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ ដោយមើលឃើញពីសមត្ថភាព និង រូបសម្រស់របស់នាងនៅតែស័ក្តិសមប្រឡូកក្នុងវិស័យបវរកញ្ញា។
ដោយឡែក មួយរយៈនេះ តារាស្រី ព្រះកាយ ច័ន្ទ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនចាប់អារម្មណ៍ជាថ្មី និង បង្ហាញការជំរុញខ្លាំង ក្រោយពីបានឃើញលើហ្វេសប៊ុករបស់នាងបង្ហោះប្លែកៗដូចបង្ហើបដំរួយពាក់ព័ន្ធនឹងវិស័យបវរកញ្ញា ទាំងរូបភាព និង សារ ដែលអ្នកគាំទ្រភាគច្រើនគិតថានាងចង់វិលត្រឡប់ចូលប្រកួតជាថ្មីទៀតផង។ ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ព្រះកាយ ច័ន្ទ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកស្ទីលតែងខ្លួនបែបជឿជាក់ រួចពោលថា ៖ «ព្រះកាយច័ន្ទ Everybody say… រាងកាយដ៏រឹងមាំមួយនេះបានត្រៀមរួចជាស្រេច»៕