ថ្មីៗនេះ មានករណីធ្លាក់ឧទ្ធម្ភាចក្រមួយនៅប្រទេសចិន អ្នកដំណើរលើនោះមានចំនួន ៤ នាក់នៅរស់ទាំងអស់ តែចៃដន្យអីមកស្លាប់អ្នកនៅនឹងដីអស់ ១ នាក់ ដោយសារតែឧទ្ធម្ភាចក្របានធ្លាក់ប៉ះ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅសួនទេសចរណ៍ Austin Flower Paradise នៅលើម្តុំបឹង Taihu ក្នុងទីក្រុង Suzhou ។ នៅសួននេះមានសេវាកម្មជិះឧទ្ធម្ភាចក្រមើលទេសភាព ក្នុងតម្លៃ ៣ នាក់ប្រហែលជាង ១០០ ដុល្លារ។ នៅថ្ងៃកើតហេតុ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ឧទ្ធម្ភាចក្របានដឹកភ្ញៀវចំនួន ៣ នាក់ រួមទាំងពីឡុតម្នាក់ដែរ តែខណៈឧទ្ធម្ភាចក្រកំពុងតែត្រឡប់ទៅកន្លែងវិញ ស្រាប់តែបានធ្លាក់ចុះមកក្នុងកម្ពស់ប្រមាណ ១០ ម៉ែត្រ ដែលបណ្តាលឱ្យអ្នកដំណើរ និង ពីឡុតបានរងរបួសធ្ងន់ និង ស្រាល ហើយក៏មានអ្នកទេសចរ ១ នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ដោយសារតែឧទ្ធម្ភាចក្របានធ្លាក់ចំពីលើ។

យ៉ាងណាមិញ មន្ត្រីមូលដ្ឋាន រួមទាំងប៉ូលិស និងក្រុមគ្រូពេទ្យពេទ្យបានចុះទៅជួយសង្គ្រោះភ្លាមៗ ដោយអ្នករបួសទាំង ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ខណៈដែលរដ្ឋបាលអាកាសចរណ៍ស៊ីវិលខេត្ត Jiangsu ស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះផងដែរ។ ដោយឡែក ខាងសួនក៏បានប្រកាសផ្អាកបណ្តោះអាសន្នសិនដែរ ក្រោយពីហេតុការណ៍នេះកើតឡើយ៕

ប្រភព៖ Sanook