សារព័ត៌មានបរទេស បានរាយការណ៍ពីករណីរបស់បុរសម្នាក់ ដែលធ្លាក់ពីរបងផ្ទះប៉ះត្រូវក្បាលមួយទំហឹង តែគិតថាមិនអី ព្រោះមិនឈឺសោះ តែ ២ ថ្ងៃក្រោយស្រាប់តែដេកស្លាប់តែម្តង។

តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានឈ្មោះថា Kieran McCrave អាយុ ២៨ ឆ្នាំ ជាអ្នកទីក្រុង Manchester ប្រទេសអង់គ្លេស។ នៅថ្ងៃកើតហេតុ Kieran បានឃើញអ៊ំប្រុសរបស់ខ្លួនដើរតាមផ្លូវ ហើយគេក៏បានផ្លោះរបងទៅនិយាយលេងជាមួយនឹងគាត់ តែចៃដន្យអីស្រាប់តែធ្លាក់ទៅបណ្តាលឱ្យក្បាលផ្ទប់នឹងដីមួយទំហឹង តែគិតថាមិនអីឡើយ ព្រោះមិនឈឺអ្វីធ្ងន់ធ្ងរ ហើយក៏មិនបានទៅរកពេទ្យដែរ។

យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ Kieran មិនងើបពីដេកសោះ បើទោះបីជាគ្រួសារខំដាស់យ៉ាងណាក៏ដោយ ចុងក្រោយទើបដឹងថាគេបានស្លាប់ ហើយខាងគ្រួសារក៏បានហៅគ្រូពេទ្យមកសង្រ្គោះដែរ តែអកុសលមិនអាចជួយបានឡើយ។ ខាងគ្រូពេទ្យបានឱ្យដឹងថា Kieran បានស្លាប់ខណៈកំពុងដេកលក់ រីឯមូលហេតុនៃការស្លាប់វិញ គឺបណ្តាលមកពីការហូរឈាមនៅក្នុងខួរក្បាល៕
