នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក Chadchart Sittipunt ដែលជាអភិបាលក្រុងបាងកក បានទម្លាយឱ្យដឹងពីស្ថានការណ៍ករណីធរណីស្រូបនៅមុខមន្ទីរពេទ្យវិជ្ជរ៉ា ផ្លូវសាមសែន ខណ្ឌដុសិត ដែលជាទីតាំងកំពុងមានការសាងសង់ផ្លូវរថភ្លើងក្រោមដី។
លោក Chadchart បានឱ្យដឹងថា មានដុំដែកទម្ងន់ ៣៤ តោនបានធ្លាក់ផ្លូវរូងក្រោមដីនៅកន្លែងបាក់ស្រុត ដែលធ្វើឱ្យពិបាកនឹងកែខៃដោះស្រាយ។ ដុំដែកនេះមិនត្រឹមតែធ្ងន់នោះទេ តែវាបានលិចកប់នៅក្នុងដីទៀត ដូចនេះហើយទោះប្រើឡានស្ទូចទម្ងន់ ១៥០ តោនក៏យកចេញពិបាកដែរ ម្យ៉ាងទៀតគ្រឿងចក្រធ្ងន់ៗមិនអាចយកមកប្រើនៅកន្លែងកើតហេតុបានភ្លាមៗនោះទេ វាអាចនឹងមានការស្រុតដីទៀត ដូច្នេះគឺត្រូវសង់គ្រឹះឱ្យរឹងមាំជាមុនសិន។
លោក Chadchart បានបន្តទៀតថា ដោយសារតែឧបសគ្គទាំងនេះហើយ ទើបផ្លូវសាមសែននឹងត្រូវបិទយូរទៀត ពោលគឺទាល់តែដោះស្រាយបញ្ហារួចរាល់ទើបបើកឱ្យចរាចរណ៍វិញបាន។ ក្នុងនោះដំបូងបង្អស់ត្រូវយកដុំដែកចេញឱ្យបានសិន ហើយក្រោយមកទើបទៅប៉ះបិទកន្លែងប្រេះបែកនៅរូងក្រោមដី ដើម្បីកុំឱ្យទឹកហូរធ្លាយចេញមកទៀត៕
ប្រភព៖ Khaosod