នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ ប្រទេសថៃកំពុងតែទទួលឥទ្ធិពលព្យុះ Kajiki ជាបណ្តើរៗហើយ ជាពិសេសគឺនៅខេត្តម៉ែហុងសន ដោយទឹកជំនន់ហូរពីព្រៃចាប់ផ្តើមបំបុកចូលក្នុងភូមិស្រុកយ៉ាងខ្លាំង បណ្តាលឱ្យដាច់ស្ពាន ដាច់ផ្លូវ ពន្លិចផ្ទះប្រជាជន ហើយគួចឡានហូរតាមទឹកយ៉ាងគួរឱ្យខ្លាច។
តាមព័ត៌មានបានឱ្យដឹងថា ក្នុងនោះឃុំផាបង ស្រុកម៉ែហុងសន ខេត្តម៉ែហុងសន បានទទួលរងគ្រោះខ្លាំងជាងគេទាំងព្រឹកព្រលឹម ដោយទឹកជំនន់បានហូរចេញពីព្រៃ និងពីលើកំពូលភ្នំ មកពន្លិចផ្ទះប្រជាជនជាច្រើនខ្នង បណ្តាលឱ្យប្រជាជនជាច្រើននាក់នៅជាប់ក្នុងផ្ទះចេញទៅណាមិនរួចឡើយ។ លើសពីនេះ ទឹកជំនន់បានផ្តាច់ផ្លូវ ផ្តាច់ស្ពាន និងគួចយកឡានហូរទៅតាមទឹកគួរឱ្យរន្ធត់។
យ៉ាងណាមិញ មិនមែននៅតែស្រុកម៉ែហុងសននោះទេ ដែលទទួលរងការខូចខាត ចំណែកស្រុកផ្សេងៗទៀតនៅក្នុងខេត្តម៉ែហុងសននេះ ក៏កំពុងតែទទួលរងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុកដូចគ្នា ដែលនេះគឺជាទឹកជំនន់ធ្ងន់ធ្ងរបំផុតសម្រាប់ខេត្តម៉ែហុងសនក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ដោយឡែក អាជ្ញាធរកំពុងតែខ្នះខ្នែងព្យាយាមជួយសង្រ្គោះប្រជាជន និង ប៉ាន់ប្រមាណការខូចខាតដោយទឹកជំនន់នេះ៕
ប្រភព៖ Migronline