ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ជា “ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ប្រចាំឆ្នាំ២០២៤” ពីនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែននៅកម្ពុជា ។

ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥”។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ប្រអប់បញ្ញើសុវត្ថិភាពរបស់យើងត្រូវបានរចនាឡើងស្របតាមតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា មិនថាជាការរក្សាទុកទ្រព្យសម្បត្តិគ្រួសារ ឬឯកសារអាជីវកម្មសំខាន់ផ្សេងៗនោះឡើយ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាធនាគារដែលប្រកបដោយសុវត្ថិភាព និងបរិយាបន្នឱ្យបានកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជាទាំងអស់”។
ប្រអប់បញ្ញើសុវត្ថិភាពរបស់ធនាគារ វីង ផ្តល់ជូនកន្លែងរក្សាទុកប្រកបដោយសុវត្ថិភាព និងមានការសម្ងាត់សម្រាប់ឯកសារសំខាន់ៗ និងវត្ថុមានតម្លៃផ្សេងៗ ជាមួយនឹងជម្រើសទំហំប្រអប់ដែលសមរម្យសម្រាប់តម្រូវការផ្សេងៗ មិនថាប្រអប់រក្សាទុកគ្រឿងអលង្ការ ឬក៏ប្រអប់ដែលមានទំហំធំសម្រាប់រក្សាទុកកំណត់ត្រាអាជីវកម្ម ហើយថែមអាចជ្រើសរើសទំហំទៅតាមតម្រូវការជាក់ស្តែងបានទៀតផង។
ប្រអប់នីមួយៗត្រូវបានការពារដោយធានារ៉ាប់រងដែលមានតម្លៃរហូតដល់ទៅ ៥.០០០ ដុល្លាអាមេរិក ក្នុងករណីមានការខូចខាត ឬបាត់បង់ ហើយអនុញ្ញាតឱ្យអតិថិជនជាម្ចាស់កម្មសិទ្ធិចូលពិនិត្យជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:00 ព្រឹកដល់ម៉ោង ៤:០០ ល្ងាច។
ការទទួលស្គាល់នេះត្រូវបានធ្វើឡើង ស្របពេលដែលទីផ្សារបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានចុះបញ្ជីជាង ១.៦០០ ករណី និងគិតជាទំហំបរធនសរុបចំនួន ២,២៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែតុលា ឆ្នាំ ២០២៥។
វិស័យបរធនបាលកិច្ចរបស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១។ ក្នុងឆ្នាំដំបូង បរធនបាលកិច្ចចុះបញ្ជីមាន ១៧ ករណី ជាមួយទំហំបរធនត្រឹមតែ ១៥៦ លានដុល្លារអាមេរិកប៉ុណ្ណោះ។
ឥឡូវនេះប្រព័ន្ធអេកូឡូស៊ីមួយនេះរួមមាន៖ ក្រុមហ៊ុនបរធនបាលចំនួន ១៦ ធនាគារពាណិជ្ជចំនួន ២៨ កំពុងបម្រើការជាប្រតិបត្តិករសេវាកម្មរក្សាទុក និងធានាសុវត្ថិភាព បរធនបាលរូបវន្តបុគ្គលចំនួន ៧២ ក្រុមហ៊ុនវាយតម្លៃចំនួន ១៧ និងក្រុមហ៊ុនសវនកម្មចំនួន ១៥ ។

ធនាគារ វីង បានចូលរួមនៅក្នុងវិស័យបរធនបាលកិច្ចក្នុងខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាទុក។ ចាប់តាំងពីពេលនោះមក ធនាគារ វីង បានផ្តល់ជូននូវសេវារក្សាទុកជាច្រើនរួមមាន៖ បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចសង្គម, និងបរធនបាលកិច្ចបុគ្គល។
តាមរយៈការផ្តល់សេវាកម្មបរធនបាលកិច្ច ធនាគារ វីង បានដើរតួជាអ្នកកាន់មូលនិធិអព្យាក្រឹត និងអ្នកសម្របសម្រួលកិច្ចព្រមព្រៀង ដោយធានាបាននូវសុវត្ថិភាពទាំងអ្នកទិញ និងអ្នកលក់។ ការទូទាត់នឹងត្រូវធ្វើឡើងនៅពេលដែលលក្ខខណ្ឌព្រមព្រៀងទាំងអស់ត្រូវបានបំពេញដែលអាចជួយកាត់បន្ថយហានិភ័យ និងការកសាងទំនុកចិត្តទាំងក្នុងអាជីវកម្ម និងប្រតិបត្តិការផ្ទាល់ខ្លួន។
កាលពីដើមឆ្នាំនេះ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចឆ្នាំ ២០២៥-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវរយៈពេល ១០ ឆ្នាំ សំដៅបង្កើតវិស័យបរធនបាលកិច្ចកម្រិតខ្ពស់ និងស្របតាមលក្ខណៈអន្តរជាតិនៅឆ្នាំ ២០៣៥។ យុទ្ធសាស្ត្រនេះបង្ហាញពីតួនាទីនៃយន្តការបរធនបាលកិច្ចក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈពេលដែលពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ឱ្យបានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខដ៏ត្រចះត្រចង់៕