នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ អ្នកគាំទ្រ លោក ណុំ ចាន់រតនៈ ហៅ សង្ហា បាន និង កំពុងចាប់អារម្មណ៍នឹងសំណេរមួយរបស់លោក ដែលរៀបរាប់ពីទំនាក់ទំនងជាមួយនឹងតារាចម្រៀងរ៉េប វណ្ណដា ក្រោយពីអ្នកទាំង ២ ឈប់ធ្វើការជាមួយគ្នាមួយរយៈធំមក។
ក្នុងនោះដែរ អ្វីដែលលោក សង្ហា បានសង្កត់ធ្ងន់នោះ គឺលោកបានឱ្យដឹងថា លោក និង តារាចម្រៀងរ៉េប វណ្ណដា តាំងពីឈប់ធ្វើការជាមួយគ្នា គឺមិនដែលមានបញ្ហាអ្វីនឹងគ្នាឡើយ ប៉ុន្តែអ្វីដែលលោក សង្ហា ខ្លាចនោះ គឺអ្នកគាំទ្ររបស់លោក វណ្ណដា ដែលតែងវិភាគ និង បង្កើតសាច់រឿង។
សំណេរនោះ លោក សង្ហា បានរៀបរាប់ថា៖ «តាំងពីឈប់ធ្វើការឱ្យ Vannda មក ខ្ញុំមិនដែលមានបញ្ហាអីជាមួយគាត់ទេ ប៉ុនែ្តអ្វីដែលខ្ញុំខ្លាច គឺ Fan របស់គាត់តែម្ដង មានទាំងអ្នកវិភាគ មានទាំងអ្នកបង្កើតសាច់រឿង។ ពីមុនខ្ញុំគិតថាធម្មតា គិតថាជាការកម្សាន្តរបស់អ្នកគាំទ្រ ប៉ុន្តែរឿងដែលវិភាគខុសទាំងនោះ ពេលដែលយើងមិនចេញមុខការពារវាក៏កើតជាប្រវត្តិ ដែលគេគ្រប់គ្នាគិតថាជារឿងពិតទៅវិញ។ ពួកខ្ញុំធ្លាប់ធ្វើការបម្រើគាត់មិនចង់បានគុណទេ! សូមតែកុំបង្កើតទោសឱ្យពួកខ្ញុំពេក។ Fan គឺ Fan Friend គឺ Friend»៕