កាលពីរាត្រីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី Rapper Fighter បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ និង បានស្វែងរកឃើញម្ចាស់ពានហើយ ដោយបានទៅលើ OG Golden ដែលជាកូនក្រុមរបស់ Coach RuthKo ខណៈ Rango ជា Top 2។
ជាការពិតណាស់ ដូចមហាជនបានជ្រាបមកហើយថា OG Golden ត្រូវបានបាត់បង់អ្នកបង្វឹក ពោលគឺបាត់បង់គ្រូកណ្តាលទី ដោយអកុសល លោក RuthKo បានលាចាកលោកចោលអ្នកគ្រប់គ្នាគ្មានថ្ងៃត្រឡប់កាលពីយប់រំលងអធ្រាត្រថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះ ការបាត់បង់លោក RuthKo មិនត្រឹមតែធ្វើឱ្យក្រុមគ្រួសារ មហាជន និង មិត្តភក្តិមានក្តីសោកស្តាយនោះឡើយ អ្វីដែលកាន់តែធ្វើឱ្យមហាជនស្រណោះនោះ គឺលោក RuthKo មិនបានបន្តដំណើរក្នុងកម្មវិធី Rapper Fighter ជាមួយនឹងក្រុមការងារ ជាពិសេស គឺ OG Golden ដែលជាកូនក្រុម។
យ៉ាងណាមិញ បើទោះជា ៣ សប្តាហ៍ចុងក្រោយឈានមកដល់វគ្គផ្តាច់ព្រ័ត្រ OG Golden មិនមានវត្តមានគ្រូ គឺលោក RuthKo នៅលើឆាកប្រកួត មើលមកលោកដូចបេក្ខជនដទៃក៏ពិតមែន ប៉ុន្តែ OG Golden ពិតជាធ្វើបានល្អបំផុត រហូតឈ្នះទឹកចិត្តអ្នកគាំទ្រទទួលបានការផ្ញើសារច្រើនជាងគេ និង ឈ្នះពាន Rapper Fighter ដំបូងគេ។
មិនត្រឹមតែប៉ុណ្ណោះ មហាជនបានសរសើរពីការប្រឹងប្រែងរបស់ OG Golden បើទោះជាដូចទូកបាត់ច្រវាក្តី (សិស្ស បាត់គ្រូ) តែលោក មិនរាថយ ប្រឹងប្រែង ដណ្តើមបានភាពជោគជ័យ ដែលជាអ្វីលោក RuthKo ចង់ឃើញបំផុត៕