នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ លើបណ្ដាញសង្គមមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុក និង TikTok បានផ្ទុះចែករំលែកបង្ហាញការរិះគន់មិនពេញចិត្តខ្លាំង ចំពោះអ្នកបង្កើតមាតិកាវីដេអូឈ្មោះ បញ្ញា ដែលបានផលិតវីដេអូកំប្លែងបែបចម្អកប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះខេត្តតាកែវ។


ក្នុងវីដេអូដែលផ្ទុះរិះគន់ខ្លាំងនោះ បញ្ញា បានបង្កើត Content ដើរសួរសំណួរយុវជនច្រើននាក់ថា «ខេត្តណាសាហាវព្រៃផ្សៃជាងគេ» ដោយពួកគេបានឆ្លើយថា «ខេត្តតាកែវ» ជាហេតុធ្វើឱ្យមានការរិះគន់មិនពេញចិត្តខ្លាំងពីមហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកខេត្តតាកែវផ្ទាល់។

ស្របពេលផ្ទុះចែករំលែករិះគន់មិនពេញចិត្តពីមហាជនជាច្រើន ក៏បានឃើញហ្វេសប៊ុកផេករបស់អ្នកផលិតមាតិកា បញ្ញា ចេញវីដេអូសុំទោសជាសាធារណៈ ចំពោះការផលិតវីដេអូរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់មហាជន និង អ្នកខេត្តតាកែវ។ ជាមួយគ្នានេះ តាមរយៈហ្វេសប៊ុកផេករបស់ឯកឧត្តម នេត ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ឱ្យបានដឹងថា អ្នកផលិតមាតិការូបនេះ ក៏ត្រូវបានក្រសួងព័ត៌មានអបរំណែនាំរួចហើយ ជុំវិញការផលិតមាតិកាមិនសមរម្យ ប្រាសចាកក្រមសីលធម៌ទាក់ទងនឹងខេត្តតាកែវ។


ដោយឡែក ដ្បិតតែបានចេញវីដេអូសុំទោសជាសាធារណៈ និង បានទទួលការអប់រំជុំវិញរឿងនេះមែន តែមកដល់ពេលនេះ អ្នកផលិតមាតិកា បញ្ញា នៅតែទទួលការរិះគន់មិនពេញចិត្តពីមហាជន ក៏ដូចជាអ្នកក្នុងសិល្បៈនៅឡើយ។ ជាក់ស្ដែង ក្រឡេកមើលហ្វេសប៊ុកផេករបស់លោក អ៊ឹម ជីវ៉ា ក្នុងនាមជាអ្នកសិល្បៈមកពីខេត្តតាកែវមួយរូប បានបង្ហាញការមិនអស់ចិត្តចំពោះអ្នកផលិតមាតិការូបនេះ និង ចង់ឱ្យស្នងការនរគបាលកោះហៅ អ្នកផលិតមាតិការូបនេះ ទៅបកស្រាយនៅឯស្នងការខេត្តតាកែវទៀតផង។


ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានបង្ហោះរៀបរាប់ថា ៖ «បង្កើតមាតិកាចេញមកអត់ខួរ គ្មានមេបាគ្រូអាចារ្យប្រដៅ ! ហែងដឹងអត់ថាហែងមានទោសពីបទអី ?? គឺមានទោសពីបទ ប្រមាថញុះញង់ឱ្យមានការើសអើង ស្អប់ខ្ពើម ជាតិសាស្រ្តខ្លួនឯង! ពេលគេចាប់កុំដាក់គុក កុំថាគេអាក្រក់ អាងអំណាច អាក្មេងពាល! សូមឯកឧត្តម Vei Samnang អភិបាលខេត្តតាកែវ ជួយហៅក្មេងនេះមកអប់រំផង ពីបទមើលងាយប្រមាថ ញុះញង់ រើសអើងជាតិសាស្រ្តខ្លួនឯង»។
តាមរយៈសារថ្មីមួយទៀតលោកបានបង្ហោះថា ៖ «សូមបងស្នងការនគរបាលខេត្តតាកែវ កោះហៅ អាប្អូនមួយដែលបង្កើតមាតិកាអត់ខួរ គ្មានម៉ែឪប្រដៅ មកបកស្រាយនៅស្នងការខេត្តតាកែវផង បើមិនចឹងទេ ខ្ញុំអ្នកខេត្តតាកែវមិនអស់ចិត្តទេ!»៕


