ថ្មីៗនេះ មានករណីដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសឥណ្ឌា ដែលប្តីប្រពន្ធមួយគូសម្រេចចិត្តលែងគ្នា ក្រោយពីរៀបការបាន ១ ឆ្នាំ ដោយសារតែឆ្កែឆ្មាដែលជាសត្វចិញ្ចឹមរៀងខ្លួន ឈ្លោះគ្នាខ្លាំងពេក។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវនេះបានកើតឡើងនៅ Bhopal រដ្ឋ Madhya Pradesh ដែលប្តីប្រពន្ធទាំងគូនេះបានចូលរោងការកាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ហើយមូលហេតុដែលធ្វើឱ្យពួកគេស្រឡាញ់គ្នានោះ គឺដោយសារតែពួកគេជាអ្នកស្រឡាញ់សត្វដូចគ្នា។ ក្នុងនោះ បុរសជាប្តីបានចិញ្ចឹមឆ្កែ ទន្សាយ ត្រីនៅផ្ទះ ហើយក្រោយពីរៀបការហើយ ខាងស្រីក៏បានយកឆ្មារបស់នាងមកនៅជាមួយគ្នាដែរ។
យ៉ាងណាមិញ បន្ទាប់ពីរស់នៅជាមួយគ្នាបានមួយរយៈ ស្រាប់តែមានបញ្ហា ដោយខាងស្រីចោទថាឆ្កែរបស់ប្តីព្រូសដាក់ឆ្មានាងជាប្រចាំ ធ្វើឱ្យឆ្មានាងភ័យខ្លាចដល់ថ្នាក់លែងហ៊ានស៊ីចំណីអស់។ ចំណែកខាងប្តី ក៏ចោទថាឆ្មារបស់ប្រពន្ធមកអង្គុយក្បែរទូចិញ្ចឹមត្រីខ្លួនជានិច្ច ហើយធ្វើបាបឆ្កែរបស់ខ្លួនជាច្រើនដងទៀត។ ដោយឡែក នៅពេលបញ្ហាកាន់តែរកាំរកូសទៅ ទាំងគូក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីលែងលះតែម្តង៕