រយៈពេលជាង ៤ ខែហើយ ដែលកូនខ្មែរកាត់អាមេរិក កញ្ញា ស៊ីដនី ម៉ារិទ្ធ លំដាប់រង ១ នៃ Miss Supranational Cambodia 2025 ត្រូវបានប្រកាសក្លាយជាម្ចាស់មកុដថ្មីនៃកម្មវិធី Miss Planet Cambodia 2025។
ចំពោះតំណែងជាម្ចាស់មកុដថ្មី Miss Planet Cambodia 2025 នេះដែរ កញ្ញា ស៊ីដនី ម៉ារិទ្ធ ក៏ទទួលបានឱកាសតំណាងកម្ពុជាឈរលើឆាកអន្តរជាតិលើកដំបូង ដែលនាងនឹងត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី Miss Planet International 2025 នៅលើទឹកដីកម្ពុជាជាម្ចាស់ផ្ទះឆាប់ៗខាងមុខ។
ស្របពេលទទួលបានឱកាសថ្មីនេះដែរ កញ្ញា ស៊ីដនី ម៉ារិទ្ធ តែងបង្ហាញសកម្មភាពហ្វឹកហាត់ ទាំងការដើរ ចំណេះដឹង និង សមត្ថភាពផ្សេងៗ ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្មភាពក្នុងនាមជាម្ចាស់មកុដថ្មី MPC 2025 ដែលឃើញនាងចូលរួមកម្មវិធីផ្សេងៗក្នុងវិស័យបវរកញ្ញា កម្មវិធីសម្បុរសធម៌ ក៏ដូចជាវិស័យដើរម៉ូដទាំងក្នុង និង ក្រៅប្រទេស។
ដោយឡែក មកដល់ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍សរសើរលើសមត្ថភាពរបស់បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ ខណៈបានឃើញវត្តមានរបស់នាងក្នុងវិស័យសម្ដែងភាពយន្តលើកដំបូង ដែលក្ដោបបានឱកាសសម្ដែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំលំដាប់អន្តរជាតិ គឺ «THE RISE OF BLACK NUN II»។
ចំពោះស្នាដៃសម្ដែងជាតួឯកស្រីលើកដំបូងក្នុងភាពយន្តខ្នាតធំនេះ បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ កំពុងចាប់ផ្ដើមដំណើរការថតហើយ រួមជាមួយតារាប្រុសស្រីអន្តរជាតិល្បីៗជាច្រើនរូបទៀត ដោយសាច់រឿងនេះនឹងត្រៀមយកទៅចាក់បញ្ចាំងនៅអន្តរជាតិផងដែរ៕