នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មានការរាយកាណ៍ថា ទឹកជំនន់នៅក្នុងប្រទេសថៃពេលនេះ កំពុងតែវាយប្រហារខេត្តផេតឆៈប៊ូន ដែលមានការលិចលង់យ៉ាងធ្ងន់ធ្ងរ បង្កឱ្យលិចផ្សារ លិចផ្ទះប្រជាជន ហើយសាលារៀនជាច្រើនកន្លែងកំពុងតែបិទទ្វារបណ្តើរ។
តាមព័ត៌មានឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តផេតឆៈប៊ូននេះ នាំឱ្យទឹកភ្លៀងបុកសម្រុកចូលទៅក្នុងទន្លេបាសាក់ ហើយក៏ហូរហៀរទៅប៉ះពាល់ដល់ស្រុកធំៗចំនួន ៣ ទៀត គឺស្រុកណាមណាវ ស្រុកលំកៅ និង ស្រុកលំសាក់។ ក្នុងនោះ ផ្ទះប្រជាជនជាច្រើនខ្នងបានលិចទៅបាត់ រីឯផ្សារធំៗក្នុងស្រុកក៏បានលិចលង់ ហើយសាលារៀនមួយចំនួនក៏ត្រូវបានបិទជាបណ្តោះអាសន្ន។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ទឹកជំនន់នៅក្នុងខេត្តផេតឆៈប៊ូនលើកនេះ មានការធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១៤ ឆ្នាំកន្លងមកចុងក្រោយនេះ ហើយមកទល់ពេលនេះអាជ្ញាធរកំពុងតែជួយសង្រ្គោះប្រជាជន និង ត្រៀមប៉ាន់ស្មានការខូចខាតដោយសារតែទឹកជំនន់នេះ៕
ប្រភព៖ Khaosod