មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីស្ងើចសរសើរមិនដាច់ពីមាត់ នូវទឹកចិត្តពុំអាចកាត់ថ្លៃបានរបស់អ្នកគ្រូបង្រៀនមួយរូប ដែលបានចងទង់ជាតិកម្ពុជានៅនឹងខ្លួន ធ្វើដំណើរតែម្នាក់ឯង ចម្ងាយរាប់រយគីឡូម៉ែត្រ ពីកំពត ទៅតំបន់មុំបី ដើម្បីសម្ដែងនូវការដឹងគុណដល់វីរកងទ័ពកម្ពុជាយើង។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីរបស់លោកគ្រូ អួន សារ៉ាត់ បានឱ្យដឹងថា អ្នកគ្រូ គឺជាគ្រូបង្រៀននៅសាលារៀនស្ថិតក្នុង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ហើយបានចំណាយពេលវេលាផ្ទាល់ខ្លួន ជិះម៉ូតូពីកំពតម្នាក់ឯង ឆ្ពោះទៅតំបន់មុំបី ភ្នំទ្រព្យ និង កន្លែងកងទ័ពជួរមុខ រាប់រយគីឡូម៉ែត្រ ដើម្បីយកអាហារផ្សេងៗ ទៅជូនកងទ័ព។


មិនត្រឹមតែប៉ុណ្ណោះ ក្រោយបានជួបវីរកងទ័ពកម្ពុជា អ្នកគ្រូក៏ចុះពីលើម៉ូតូ រួចថ្វាយបង្គំដោយក្រាបដល់ដីចំពោះមុខកងទ័ព ដើម្បីបង្ហាញពីការដឹងគុណផងដែរ៕

