ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចែករំលែក និង អរគុណនូវទឹកចិត្តដ៏ធំធេងរបស់ថៅកែអនឡាញលក់ឡេដ៏ល្បី លោកជំទាវ ឡៃ ស៊ូយៀក ដែលបានប្រកាសផ្តល់ជូនម៉ូតូ ដល់កងទាហាន ដែលខូចខាតម៉ូតូអំឡុងពេលសង្គ្រាមនឹងថៃ។ លើសពីនោះ លោកជំទាវ បានប្រកាសផ្តល់ម៉ូតូថែម ១០ គ្រឿងទៀត សម្រាប់ប្រើរួមក្នុងការដឹកស្បៀងទៀតផង។
តាមរយៈការបង្ហោះរបស់ថៅកែអនឡាញលក់ឡេដ៏ល្បីខាងលើ បានរៀបរាប់ថា៖ «បងប្អូន វីរៈកងទ័ព ដែល ខូចខាតទ្រព្យសម្បត្តិ អាចមកបេីកម៉ូតូនៅក្រុមហ៊ុន Miss បានណា! ខូចខាត Honda Dream បើក Dream ខូចខាត ម៉ាក Wave បេីក Wave។ គ្មានម៉ូតូដឹកស្បៀង ខ្ញុំបរិច្ចាគថែម ១០ គ្រឿងសម្រាប់ប្រេីរួម។ ចូលរួមជួយសង្គ្រោះជាតិទាំងអស់គ្នា ស្មារតីខ្មែរខ្លាំង»។
លើសពីនោះ អ្វីដែលកាន់តែគួរឱ្យស្ងប់ស្ងែង ក្រោយពីថៅកែអនឡាញលក់ឡេដ៏ល្បីលោកជំទាវ ឡៃ ស៊ូយៀក បានឃើញកងទ័ពមួយរូបខូចខាតឡានមួយគ្រឿង លោកជំទាវក៏បានប្រកាសនឹងផ្តល់ជូនឡានដល់ទាហានរូបនោះថា៖ «ជួយ share រកម្ចាស់ឡានផងបងប្អូន! តេីឡាននេះជារបស់លោកពូ វីរៈកងទ័ព ពិតទេ? បេីមានភាពជាក់លាក់ និង ការបញ្ជាក់ពីមូលដ្ឋានច្បាស់លាស់ ចំពោះការខូចខាតនេះ ខ្ញុំចង់ផ្តល់ឡានជូនគាត់ ១ គ្រឿង»៕