នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរកឃើញក្មេងស្រីអាយុ ១៣ ឆ្នាំ ដែលរត់ចេញពីផ្ទះ និង បានប្រគល់ជូនឪពុកម្តាយវិញហើយ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល១៣:១២ នាទី មានករណីក្មេងស្រីឈ្មោះ រុណ ចន្ទរស្មី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី ៨C2 វិទ្យាល័យបាក់ទូក បានរត់ចេញពីផ្ទះ បង្កឱ្យអាណាព្យាបាលព្រួយបារម្ភ និង បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី ៣ ដើម្បីឱ្យជួយស្រាវជ្រាវយកត្រឡប់មកផ្ទះវិញ។
ក្រោយទទួលបានដំណឹងនេះ នៅម៉ោងប្រហែល ១២:៤០ នាទី នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើ និង បានប្រគល់ជូនក្រុមគ្រួសារវិញហើយ ខណៈបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និង តាមការបញ្ជាក់អះអាងរបស់លោកស្រី សេក ស៊ុនណារី អាយុ ៧២ ឆ្នាំ ជនជាតិខ្មែរ ជាអាណាព្យាបាលរបស់ក្មេងស្រីបានបញ្ជាក់អះអាងថា៖ «មូលហេតុចៅស្រីគាត់ចេញពីផ្ទះ ដោយសារខឹងនឹងម្ដាយវាស្ដីបន្ទោសឱ្យថាអត់ដែលចូលសាលារៀន ទើបវាចេញពីផ្ទះដោយបន្សល់ទុកសំបុត្រ ១ សន្លឹក (មានខ្លឹមសារថាម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយ)»។
ស្របគ្នានេះ សមត្ថកិច្ចក៏បានចុះទៅដល់វិទ្យាល័យបាក់ទូក និង ជួបនឹងអ្នកគ្រូប្រចាំថ្នាក់បានបញ្ជាក់ថា សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់អាណាព្យាបាលជាដំណឹង៕
ប្រភព និង រូបភាព ៖ ស៊ន សុភក្ត្រ-Sorn Sopheak