នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ សារព័ត៌មានអន្តរជាតិធំៗជាច្រើន បានចេញផ្សាយឱ្យបានដឹងថា ៖ «ប្រទេសថៃ បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជា នៅថ្ងៃចន្ទ ខណៈដែលរលកថ្មីនៃការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ ដែលបង្ហាញពីសក្តានុពលនៃការដួលរលំនៃផែនការសន្តិភាព ក្រោមអធិបតីភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីពីរខែមុន»។

ក្នុងនោះសារព័ត៌មានធំៗ ដែលបានចុះផ្សាយពីការចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសពីទាហានថៃមកលើកម្ពុជា រួមមានសារព័ត៌មាន ៖
– CNN
– Reuter
– CNBC

គួរឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានដឹងថា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤ នាទី នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និង នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និង នៅចំការចេក ហើយ ការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និង ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និង កំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ខ្ពស់បំផុត៕

