នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានចាប់អារម្មណ៍តាមដាន និង ចែករំលែកខ្លាំងពីកម្មវិធីប្រពៃណីពិសេសៗបន្តបន្ទាប់នៃសិរីមង្គលរបស់តារាប្រុសស្រី នាយ ព្រែក និង ឈិន មុន្នីនាថ ដែលបានរៀបចំកម្មវិធីយ៉ាងធំអធិកអធម មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើនអញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និង រំភើបចិត្តជំនួសអ្នកទាំងពីរ។



បើក្រឡេកទៅមើលទិដ្ឋភាពនាពេលល្ងាច ជាកម្មវិធីជប់លៀងនៃថ្ងៃមង្គលនេះដែរ ឃើញថាមានការរៀបចំឡើងយ៉ាងប្រណីត និង ត្រជាក់ភ្នែកខ្លាំងនៃបរិវេណរោងការទាំងមូល អមរចនាដោយក្បាច់ខ្មែរ និង ផ្កាស្រស់ពណ៌ក្រហមក្រម៉ៅយ៉ាងស្រស់ស្អាតមានលេចធ្លោខ្លាំង។



អ្វីកាន់តែចាប់អារម្មណ៍ក្នុងកម្មវិធីជប់លៀងពេលល្ងាចនេះដែរ គេឃើញមានវត្តមានរបស់បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗជាច្រើនចូលរួមអបអរថ្ងៃមង្គលនេះ ដែលថតរូបបង្អូតសម្រស់យ៉ាងស្អាតៗសង្ហាៗផងដែរ៕













