នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃប្រារព្ធព្រះរាជពិធីគម្រប់ខួបទី ១៣ ឆ្នាំ នៃការយាងសោយព្រះទីវង្កត ព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្ត្រខ្មែរ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


គិតមកត្រឹមថ្ងៃនេះ មានរយៈពេល ១៣ ឆ្នាំហើយ ដែលកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ កន្លងទៅ គឺជាថ្ងៃមហាទុក្ខសោកនៃប្រជាជាតិកម្ពុជា ជាថ្ងៃដែលប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស មិនអាចបំភ្លេចបាន គឺជាថ្ងៃដែលព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ បានយាងសោយព្រះទីវង្កត។ ថ្ងៃនោះផងដែរ ជាថ្ងៃដែលប្រជានុរាស្ត្រខ្មែរទូទាំងមហានគរ ស្រក់ទឹកភ្នែកចេញពីក្រអៅបេះដូង ចេញពីភាពស្មោះត្រង់ឥតលាក់លៀម ចេញពីភក្ដីភាព ការគោរពស្រឡាញ់ ចំពោះការបាត់បង់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។


ក្នុងឱកាសនេះ កូនចៅប្រជានុរាស្រ្តគ្រប់រូប សូមចងចាំជានិច្ចនូវព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និង ព្រះរាជគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និង ប្រជាជនកម្ពុជា៕
សូមទស្សនានូវកម្រងទិដ្ឋភាពកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ កន្លងទៅ ជាថ្ងៃមហាទុក្ខសោកនៃប្រជាជាតិកម្ពុជា ៖























ប្រភពរូបភាព ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី