មានករណីដ៏មិននឹកស្មានមួយ បានកើតឡើងនៅប្រទេសឥណ្ឌា ដោយគ្រួសាររបស់កូនកំលោះខឹងរឿងសុំកូនក្រមុំឡើងថ្លៃទឹកដោះមិនបាន ស្រាប់តែសងសឹកនាងដោយយកម្ជុលដែលមានផ្ទុកមេរោគអេដស៍ចាក់ទៅក្នុងខ្លួនរបស់នាង។
តាមព័ត៌មានបានឱ្យដឹងថា កូនកំលោះកូនក្រមុំមួយគូនេះ បានសម្រចចិត្តរៀបការនៅក្នុងឆ្នាំ ២០២៣ កន្លងទៅ ដោយខាងស្រីបានឱ្យថ្លៃទឹកដោះទៅខាងប្រុសចំនួន ១៧ ០០០ ដុល្លារ រួមនឹងឡានមួយគ្រឿង។ ក្នុងនោះ គ្រួសារខាងប្រុសមិនពេញចិត្ត ហើយបានសុំថែមថ្លៃទឹកដោះចំនួន ២៨ ០០០ ដុល្លារទៀត ព្រមទាំងចង់បានឡានធំ និង ទំនើបជាងមុន។ ខាងស្រីគ្មានលទ្ធភាពឱ្យឡើយ តែពិធីមង្គលការនៅតែប្រព្រឹត្តទៅជាធម្មតា។
យ៉ាងណាមិញ ក្រោយពីរៀបការហើយ ខាងស្រីត្រូវបានគ្រួសារខាងប្រុសធ្វើបាបទាំងផ្លូវកាយ និង ផ្លូវចិត្តជាខ្លាំង ដោយគំរាមរកប្រពន្ធថ្មីឱ្យប្តីរបស់នាង ហើយដេញនាងចេញពីផ្ទះទៀត។ នាងបានត្រឡប់ទៅនៅជាមួយឪពុកម្តាយវិញ រហូតដល់មានអ្នកផ្សះផ្សា ទើបនាងដាច់ចិត្តត្រឡប់ទៅរស់នៅជាមួយគ្រួសារខាងប្តីវិញ។
យ៉ាងណាមិញ គ្រួសារនេះក៏នៅតែធ្វើបាបនាង លុះមកដល់ឆ្នាំ ២០២៤ ពួកគេក៏បានយកម្ជុលមកចាក់ថ្នាំម្យ៉ាងឱ្យនាង ដែលធ្វើឱ្យសុខភាពរបស់នាងចុះខ្សោយជារឿយៗ។ ខាងគ្រួសារបស់នាងនាំទៅមន្ទីរពេទ្យពិនិត្យ ក៏ឃើញថានាងមានផ្ទុកជំងឺអេដស៍ ទើបបាននាំគ្នាដាក់ពាក្យប្តឹងផ្តល់គ្រួសារខាងប្រុសទៅកាន់តុលាការ។ ដោយឡែក មកទល់ពេលនេះ ករណីរបស់នាងកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតទៅតាមច្បាប់នៅឡើយ៕
ប្រភព៖ Kapook