យោងតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP និង Reuters នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោក Mohamad Hasan រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៊ីបាននិយាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ី នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លោក Mohamad បានបន្តថា ម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃ និង កម្ពុជា ដែលនឹងតម្រូវឱ្យភាគីទាំងសងខាង បោសសំអាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់ ចេញពីតំបន់ព្រំប្រទល់។

តាមប្រភពបានបន្តថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ នឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥។ លោក Mohamad បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «អំឡុងកិច្ចប្រជុំកំពូលអាស៊ាន យើងសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងមួយ ហៅថា កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរ នឹងធានានូវបទឈប់បាញ់យូរអង្វែង ព្រមទាំងសន្តិភាព»៕
ប្រភព ៖ Fresh News