តាមរយៈប្រភពព័ត៌មានបឋម នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា សារព័ត៌មានថៃបានចុះផ្សាយនៅថ្ងៃទី ២៤ ខែកក្កដានេះថា ទាហានរបស់ខ្លួន ២ នាក់ បានរងរបួស ដោយឡែកសម្រាប់កងទ័ពកម្ពុជាមិនមានរបួសនោះទេ នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធនៅឯតំបន់ជម្លោះព្រំដែនរវាង ប្រទេសកម្ពុជា និង ថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរឱ្យដឹងផងដែរថា នៅព្រឹកនេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជូនដំណឹងឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា នេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ហើយមកដល់ពេលនេះ ក៏មានព័ត៌មានបឋមថា នៅតាមបន្ទាត់ព្រំដែនមានការផ្ទុះអាវុធរាលដានដល់ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងច្បាស់ៗថា កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ទើបកងទ័ពកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕
ប្រភព ៖ Fresh News