នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ ៣០ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ការឃាត់ខ្លួននេះផងដែរ ធ្វើឡើងក្នុងករណីឆបោកតាមរយៈបណ្តាញសង្គម ដែលបុរសរូបនេះបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និង គណនីហ្វេសប៊ុកចំនួន ០៤ ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប ដោយក្នុងអំឡុងឆ្នាំ ២០២៥ នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រេង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និង រូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេសុីលីដា ឈ្មោះ HONG PHEA (0972388041) និង ធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ដែលបានមកពីការឧបត្ថម្ភនានា។
ក្នុងនោះផងដែរ តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមកខ្លួនបានទទួលប្រាក់ពីការបង្ហោះឆបោក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២ លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ដើម្បីដោះស្រាយជីវភាព។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់៕