នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ តាមព័ត៌មានក្នុងស្រុករបស់ប្រទេសថៃបានឱ្យដឹងថា មានទាហានថៃ ២ នាក់ បានរងរបួសដោយការដើរជាន់មីននៅតំបន់ព្រំដែនខេត្តស៊ីសាកេត ទល់មុខនឹងប្រាសាទព្រះវិហារ ដោយមានម្នាក់ដាច់ជើងខាងស្តាំ និង ម្នាក់ទៀតរងរបួស។

បន្ទាប់ពីករណីខាងលើបានកើតឡើង នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដដែលនេះ តាមសារព័ត៌មាន Khaosod បានចុះផ្សាយថា លោក Anutin ដែលជានាយករដ្ឋមន្រ្តីថៃ បានប្រកាសបញ្ឈប់ជាបន្ទាន់នូវកិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា រួមមានទាំងការបញ្ឈប់ការដោះលែងចំនួន ១៨ នាក់ ហើយពិចារណាផ្អាកលើសេចក្តីប្រកាសសន្តិភាពរួមជាមួយកម្ពុជា ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ នាពេលកន្លងទៅនេះថែមទៀត។

នាយករដ្ឋមន្រ្តីរូបនេះអះអាងថា លោកនឹងធ្វើអ្វីដែលប្រទេសថៃចង់បានប៉ុណ្ណោះ ព្រមទាំងបានណែនាំក្រសួងការពារជាតិ និង ក្រសួងការបរទេសឱ្យអនុវត្តវិធីសាស្រ្តនេះ ហើយប្តេជ្ញាថានឹងឈរជាមួយនឹងយោធា និង អ្នកការពារផ្នែកសន្តិសុខជាតិទាំងអស់៕

ប្រភព៖ Khaosod