នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមរយៈឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងកម្ពុជានិងថៃ។ នេះបើយោងតាមប្រភពការទូតដែលឯកឧត្តមបានដកស្រង់ដោយ AFP។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តឱ្យដឹងថា កិច្ចប្រជុំបិទទ្វារនេះ ដែលត្រូវបានស្នើសុំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានកំណត់ពេលនៅម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉ក (ម៉ោង ២ ទៀបភ្លឺនៅកម្ពុជា ថ្ងៃទី ២៦ ខែកក្កដា)។
គួរឱ្យដឹងផងដែរថា នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា៕