នៅរសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនសាធារណជន និង អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ជាក់ស្ដែង តាមរយៈសេចក្ដីប្រកាសព័ត៌មាន ការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ មានលក្ខណៈដូចខាងក្រោម៖
១. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។
២. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និង ក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។
៣. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។
៤. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ ក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ និង អ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និង អាចជឿទុកចិត្តបាន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖