សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕
ប្រភព ៖ ក្រសួងការពារជាតិកម្ពុជា