ថ្មីៗនេះ មហាជនលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ចែករំលែកខ្លាំង ក្រោយឃើញលើហ្វេសប៊ុករបស់អ្នកនាង មាស សុខសោភា បានបង្ហោះសារមួយ ដោយប្រើសំឡេងរបស់ខ្លួនក្នុងនាមជាសិល្បការិនីមួយរូប និយាយទៅកាន់មហាជនជុំវិញរឿងរ៉ាវប្រទេសជាតិកំពុងជួបបញ្ហាដោយសារការឈ្លានពានរបស់ថៃ។
ក្នុងការបង្ហោះនោះ អ្នកនាង មាស សុខសោភា បានរៀបរាប់លើហ្វេសប៊ុកផេក យកចិត្តទុកដាក់ ព្រួយបារម្ភ ស្រឡាញ់ប្រទេសជាតិ ដែលកំពុងស្ថិតក្នុងគ្រាមួយដ៏លំបាកនេះ ដោយអ្នកនាងបានសូមចិត្តពុកម៉បងប្អូនទាំងអស់គ្នា រក្សាភាពស្ងៀមស្ងាត់ដោយទុកឱ្យប្រមុខដឹកនាំរបស់យើង ដែលលោកមានបញ្ញាញាណជាអ្នកដោះស្រាយ លោកមិនទុកពួកយើងចោលទេ អ្វីដែលសំខាន់ក្នុងពេលដែលកំពុងមានអាសន្ននេះ យើងទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ស្រឡាញ់គ្នា ទម្លាក់ចោលនូវការជេរប្រមាថគ្នា ការយកកំហឹងមកធ្វើជាល្បិចកលដើម្បីដាក់ជាទោសកំហុសដល់គ្នាក្នុងនាមយើងជាកូនខ្មែរដូចគ្នា ក៏ត្រូវនាំគ្នាបញ្ឈប់ការប្រមាថគ្នាត្រឹមនេះជាដើម។
ចំពោះការបង្ហោះនេះ ត្រូវបានមហាជនលើហ្វេសប៊ុកចែករំលែក និង មានការបញ្ចេញមតិវែកញែករៀងៗខ្លួនទៅកាន់កំពូលតារាចម្រៀងស្រីរូបនេះ ដោយភាគច្រើនជាមតិក្នុងន័យបារម្ភដោយឃើញសម្ដីសំដៅរបស់កំពូលតារាចម្រៀងស្រីរូបនេះ ហាក់ខុសប្លែកមិនសូវដូចកាលពីមុនឡើយ។
ស្របពេលផ្ទុះការចែករំលែកវែកញែកខ្លាំងលើបណ្ដាញសង្គមពីការបង្ហោះនេះ ស្រាប់តែអ្នកនាង មាស សុខសោភា ចូលឆ្លើយតបទៅកាន់មហាជន ដោយបញ្ចេញមតិក្នុងខមមិនបន្ថែមថា ៖ «មនុស្សភាគច្រើនដែលចូលមកបញ្ចេញមតិនៅទីនេះ ប្រហែលជាមិនបានអានអត្ថបទរបស់នាងខ្ញុំខាងលើទេមើលទៅ បានជាម្នាក់ៗចូលមកផ្តល់ចម្លើយចាកប្រធានស្ទើរគ្រប់គ្នាបែបនេះ ពេលនេះទើបនាងខ្ញុំដឹងថា ស្ទើរតែរក Fan ពិតប្រាកដមួយដែលប្រកបដោយគុណធម៌មិនបានមែន។ ក្នុងនាម នាងខ្ញុំជាអ្នកសិល្បៈ គឺតែងតែចូលមកចែករំលែកចំណេះដឹង សេចក្តីនឹករឭកទៅដល់ Fan Fan ពិតប្រាកដរបស់នាងខ្ញុំ ដែលពួកគាត់បានគាំទ្រសំឡេងច្រៀងរបស់នាងខ្ញុំ ម្យ៉ាងទៀតបើសំឡេងរបស់នាងខ្ញុំនៅតែជាឱសថព្យាបាលជំងឺរោគធុញថប់របស់មនុស្សទូទៅមិនអាចជៀសបានទេនោះ ដូច្នេះនាងខ្ញុំនៅតែជាតារាល្បី មាស សុខសោភា របស់ fan fan ដដែល»៕