សារព័ត៌មាន SAOstar បានរាយការណ៍ពីករណីមួយនៅប្រទេសចិន ដែលមានកូនកំលោះមួយរូប ត្រូវបានមិត្តភក្តិឱ្យគ្រឿងញៀនជាកាដូក្នុងថ្ងៃមង្គលការ បែកគំនិតនាំគ្នាជក់ភ្លាមៗក្នុងរោងការ ចុងក្រោយត្រូវប៉ូលិសក្របួចបានទាំងក្រុម។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅខេត្ត Sichuan ប្រទេសចិន ដោយនៅក្នុងថ្ងៃមង្គលការ កូនកំលោះត្រូវបានមិត្តឱ្យកាដូពិសេសដែលលួចភ្ជាប់មកជាមួយនឹងចំណងដៃ ដែលនោះគឺគ្រឿញៀនប្រភេទ Methamphetamine ។ ក្នុងនោះ កូនកំលោះមិនខ្ចីប្រកែក ហើយបែរជាហៅមិត្តភក្តិជិតស្និទ្ធដទៃទៀត ដែលមកចូលរួមមង្គលការ មកនាំគ្នាប្រើប្រាស់គ្រឿងញៀនខាងលើនេះយ៉ាងសប្បាយរីករាយនៅក្នុងពិធីមង្គលការរបស់ខ្លួនតែម្តង។

យ៉ាងណាមិញ រឿងរ៉ាវនេះគេចមិនផុតពីភ្នែករបស់អាជ្ញាធរឡើយ បន្ទាប់ពីបានទទួលដំណឹង ក្រុមអាជ្ញាធរក៏បានចុះទៅដល់ពិធីមង្គលការខាងលើ ហើយប្រមូលភស្តុតាង ព្រមទាំងចាប់អ្នកពាក់ព័ន្ធចំនួន ៥ នាក់ ដែលក្នុងនោះមានកូនកំលោះ ព្រមទាំងមិត្តភក្តិរបស់គេចំនួន ៤ នាក់ទៀត។ មកទល់ពេលនេះ ខាងអាជ្ញាធរកំពុងតែស៊ើបរកអ្នកពាក់ព័ន្ធបន្តទៀត ដើម្បីនាំខ្លួនទៅកាត់ក្តីតាមផ្លូវច្បាប់៕
ប្រភព៖ Kapook