ថ្មីៗនេះ មានស្រ្តីជាថៅកែទុរេនម្នាក់នៅថៃ បានបាត់ខ្លួនចំនួន ៣ ថ្ងៃហើយ នៅតែរកមិនទាន់ឃើញ ដែលបណ្តាលឱ្យគ្រួសារមានការបារម្ភភិតភ័យ ព្រោះតែនាងមានពាក់មាសជាង ៨ តម្លឹងនៅជាប់ខ្លួន ខ្លាចថាអាចត្រូវគេប្លន់យក។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថាចែកែវ អាយុ ៤៣ ឆ្នាំ ជាម្ចាស់តូបលក់ទុរេននៅផ្សារ Pho Wai ឃុំ Bang Kung ស្រុក Muang ខេត្ត Surat Thani។ ស្រ្តីខាងលើបានបាត់ខ្លួនតាំងពីម៉ោង ៧ និង ៤០ នាទីយប់ នៅថ្ងៃទី ១៧ ខែឧសភា ២០២៥ កន្លងទៅ ដោយនារីជាប្អូនស្រីបានឱ្យដឹងថា បងស្រីរបស់ខ្លួនបានប្រាប់ថាកំពុងត្រឡប់មកពីតូបទុរេនវិញ តែក៏បាត់ឈឹងតែម្តង ទោះជាខំតេរកយ៉ាងណាក៏មិនចូល។
យ៉ាងណាមិញ ប្អូនស្រីរបស់ស្រ្តីខាងលើបានរៀបរាប់ឱ្យដឹងថា រហូតមកទល់ពេលនេះទូរស័ព្ទរបស់បងស្រីត្រូវបានបិទ ហើយបងស្រីក៏មានខ្សែក ខ្សែដៃ និង ចិញ្ចៀនសរុបចូលគ្នាប្រហែលជាង ៨ តម្លឹងនៅជាប់ខ្លួន រួមទាំងលុយសុទ្ធមិនក្រោម ១ សែនបាត ដែលស្មើប្រមាណ ៣ ពាន់ដុល្លារផងដែរ មុននឹងបាត់ខ្លួន៕
ប្រភព៖ Kapook