បន្ទាប់ពីកម្ពុជាបានដាក់ស្នើពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការ UNESCO ស្រាប់តែថ្មីៗនេះ ប្រជាជនថៃជ្រុលនិយមជាច្រើនបាននាំគ្នាកើតទុក្ខមិនសុខចិត្ត រហូតដល់ប៉ុស្តិ៍ទូរទស្សន៍ថៃជាច្រើន បានចេញជាព័ត៌មានផ្សាយបង្កាច់បង្ខូច បំភ្លៃក្រឡៃកាពិតពីកម្ពុជា ដោយបានចោទប្រកាន់មកលើកម្ពុជាថាបានលួចបន្លំយកឈុតថៃមានស្បៃ ដាក់ស្នើទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយការកើតទុក្ខមិនសុខចិត្តយ៉ាងមិនសមទំនងនេះដែរ ប្រជាជនថៃថែមទាំងបានសុំឱ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ធ្វើការស៊ើបអង្កេត និង តវ៉ាឱ្យខាងតែបានចំពោះរឿងរ៉ាវនេះថែមទៀតផង។
អ្វីដែលកាន់តែធ្វើឱ្យប្រជាជនកម្ពុជាហួសចិត្តទៀតនោះ គឺចំពោះការចម្រូងចម្រាសបង្កើតរឿងចោទប្រកាន់មិនពិតពីសំណាក់ប្រជាជនថៃជ្រុលនិយមនេះ ដោយសារតែមកពីកង្វះខាតចំណេះដឹង និង ការស្រាវជ្រាវអំពីទម្រង់សម្លៀកបំពាក់ ដែលកន្លងមកប្រជាជនថៃតែងតែបានគិតថាទម្រង់សម្លៀកបំពាក់មានស្បៃ គឺជារបស់ប្រទេសខ្លួនផ្ដាច់មុខ។ ការខ្វះខាតចំណេះដឹង និង ការស្រាវជ្រាវនេះ ហាក់ជាការវង្វេងប្រវត្តិសាស្ត្រមួយរបស់ប្រជាជនថៃ។
មានចម្ងល់មួយបានចោទសួរថា ហេតុអ្វីបានជាថៃទើបនឹងមកមានប្រតិកម្មពេលនេះ ស្របគ្នានឹងពេលដែលកម្ពុជាស្នើដាក់ពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការ UNESCO ចុះមុននោះ ម្តេចមិនមានប្រតិកម្មផង? តើប្រជាជនថៃមានចេតនាអ្វី?
ជាការពិត បើត្រឡប់ទៅកាលពីឆ្នាំ ២០២០ កន្លងទៅ នៅក្នុងប្រទេសថៃ បានបង្កើតព្រឹត្តិការណ៍មួយឈ្មោះ «Thai Silk Road to the World» ដែលព្រឹត្តិការណ៍នេះបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំងរឹតចំណងមិត្តភាព និង ផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត នាទីក្រុងបាងកក ប្រទេសថៃ។
ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍នោះដែរ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលនោះក៏បានចូលរួម និង បានបង្ហាញនូវឈុតមង្គលការខ្មែរ «ព្រះថោងនាងនាគ» ផងដែរ ហើយថែមទាំងបង្ហាញនៅចំពោះមុខលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃគ្រានោះ និង ចំពោះមុខសារព័ត៌មាន មហាជនថៃ និង ភ្ញៀវបរទេសតំណាងប្រទេសជិត ១០០ ប្រទេសទៀតផង។ ការបង្ហាញនោះថែមទាំងទទួលបានការទះដៃអបអរសារទរយ៉ាងច្រើនពីមហាជនថៃ ដោយមិនមានមតិប្រតិកម្មអ្វីសោះឡើយ។
គួរឱ្យដឹងផងដែរថា ក្រសួងវប្បធម៌វប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់អង្គការ UNESCO រួចហើយ ខណៈនិតីវិធី និង ការរៀបចំឯកសាររួចរាល់ និង បញ្ជូនតាំងពីខែមេសា ឆ្នាំ ២០២៤ មកម្ល៉េះ ខណៈការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងត្រូវធ្វើឡើងនៅដំណាច់ឆ្នាំ ២០២៦ ខាងមុខនេះ។
គោលបំណងសំខាន់ដែលកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬ ការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និង បច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារ និង អនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះ ហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទងនឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ៕
ប្រភព ៖ ផេក បុរាណាចារ្យ