នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា កងទ័ពឈ្លានពានថៃ បានបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ខណៈការប្រើប្រាស់គ្រាប់បែកចង្កោមជាការបំពានលើច្បាប់អន្តរជាតិ និង អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និង ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ក្នុងនោះបើតាម សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឱ្យដឹងថា ព្រឹកនេះខាងថៃបាន់បាញ់ប្រហារទៅលើទីតាំងចំនួន ៧ ចូលមកកម្ពុជា ដែលក្នុងនោះបានប្រើប្រាស់គ្រាប់ចង្កោមចំនួន ២ លើក រួមមាន នៅវេលាម៉ោង ៥៖២៥ នាទី ថៃបានប្រើគ្រាប់ចង្កោម វាយប្រហារមកលើតំបន់ភ្នំខ្មោច និង នៅវេលាម៉ោង ៦ ៖ ៥០ នាទី ថៃបាញ់គ្រាប់ចង្កោមលើកទី ២ នៅភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ខាងក្រោមនេះ គឺជាពេលវេលា និង ទីតាំង ដែលភាគីថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ៖
– នៅវេលាម៉ោង ៣៖២០ នាទី ថៃបានបើកការវាយប្រហារនៅតំបន់ភ្នំខ្មោច តាថាវ និង ភ្នំ៣៣៣
– នៅវេលាម៉ោង ៥៖២៥ នាទី ថៃបានប្រើគ្រាប់បែកចង្កោម វាយប្រហារមកលើតំបន់ភ្នំខ្មោច
– នៅវេលាម៉ោង ៥៖ ៣០ នាទី ថៃចាប់ផ្ដើមវាយប្រហារនៅតំបន់ប្រាសាទតាមាន់ និង ប្រសាទតាក្របី
– នៅវេលាម៉ោង ៥ ៖ ៤០ នាទី ថៃចាប់ផ្ដើមវាយប្រហារនៅតំបន់មុំ ៣
– នៅវេលាម៉ោង ៦ ៖ ៥០ នាទី ថៃបាញ់គ្រាប់ចង្កោមលើកទី ២ នៅភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
– នៅវេលាម៉ោង ៧៖ ០៣ នាទី ថៃបាញ់ចូលគោលដៅ ក្នុងតំបន់ជាំតែ
– នៅវេលាម៉ោង ៨៖ ០០ នាទី ថៃបានព្យាយាមវាយដណ្ដើមយកប្រាសាទតាក្របី ប៉ុន្តែកងកម្លាំងកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញ ហើយប្ដេជ្ញាការពារឱ្យខានតែបាន មិនឱ្យមានការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាឡើយ៕