នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្ដីពីការរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤, ១៥ និង ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ នាពេលខាងមុខ។
ក្នុងនោះ បើតាមការឱ្យដឹងពីរដ្ឋបាលរាជធានី សង្ក្រាន្តវត្តភ្នំ ឆ្នាំ ២០២៥ នេះ មានកម្មវិធីសាសនាដូចជា ការតាំងពលិការ ពិធីស្រង់ព្រះពុទ្ធរូប ខណៈកម្មវិធីកម្សាន្តសប្បាយមានដូចជា ការសម្ដែងទស្សនីយភាពសិល្បៈរបាំបុរាណ របាំប្រពៃណី មានរបាំត្រុដិ ចាប៉ីដងវែង ល្ខោនយីកេរ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយដែលជាកេរ្តិ៍ដំណែលដូនតាខ្មែរយើង ការរាំកម្សាន្តសប្បាយគ្រប់ទម្រង់គ្រប់ចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ។
បន្ថែមលើសពីនេះ «សង្ក្រាន្តវត្តភ្នំ» ក៏បានភ្ជាប់ជាមួយផ្លូវថ្មើរជើង Walk Street ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើងបើកបន្តដល់ទៅ ៥ ថ្ងៃ ដោយបន្ថែម ៣ ថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរ រហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី៕