នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញ សេចក្តីជូនដំណឹង ឱ្យបានដឹងថា គ.ជ.ប ត្រូវការជ្រើសរើស សមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៤.១០៤ រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥។
ក្នុងនោះ គ.ជ.ប បានបញ្ជាក់ឱ្យដឹងថា ការជ្រើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៤.១០៤ រូប នេះ គឺដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ទាំង ១.៦៥២ ឃុំ សង្កាត់ ដូចខាងក្រោម ៖
ក. សម្រាប់ឃុំ សង្កាត់ ១.២៥២
១. ប្រធាន ក.ច.ប ក្នុងមួយឃុំ សង្កាត់ ចំនួន ១ រូប
២. សមាជិក ក.ច.ប ជាការីកុំព្យូទ័រ ក្នុងមួយឃុំ សង្កាត់ ចំនួន ១ រូប
សរុបក្នុងមួយឃុំ សង្កាត់ចំនួន ២ រូប
ខ. សម្រាប់ឃុំ សង្កាត់ ចំនួន ៤០០
១. ប្រធាន ក.ច.ប ក្នុងមួយឃុំ សង្កាត់ ចំនួន ១ រូប
២. សមាជិក ក.ច.ប ដែលជួយការងារអនុប្រធាន ក.ច.ប ក្នុងមួយឃុំ សង្កាត់ ចំនួន ១ រូប
៣. សមាជិក ក.ច.ប ជាការីកុំព្យូទ័រ ក្នុងមួយឃុំ សង្កាត់ ចំនួន ២ រូប
សរុបក្នុងមួយឃុំ សង្កាត់ ចំនួន ៤ រូប
ដូច្នេះសម្រាប់បងប្អូនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ អាចទៅទទួល និង ដាក់ពាក្យសុំចូលបម្រើការងារ នៅរៀងរាល់ម៉ោងធ្វើការ នៅតាមសាលាឃុំ សង្កាត់ ឬ/និង ទីសាធារណៈក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ លធ.ខប ពាក់ព័ន្ធ ខណៈពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនក៏អាចទាញយកពាក្យសុំប្រឡង ចូលបម្រើការងារតាមរយៈអាសយដ្ឋានវេបរបស់ គ.ជ.ប (www.nec.gov.kh) ឬស្តែន QR-Code ដូចមាន នៅក្នុងសេចក្តីជូនដំណឹងនេះ។
ចំពោះការចាប់ផ្តើមចែកពាក្យ និង ទទួលពាក្យ គឺនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ (វេលាម៉ោង ៧:០០ នាទីព្រឹក) ហើយឈប់ទទួលពាក្យ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ (វេលាម៉ោង ១៧:៣០ នាទីល្ងាច) ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និង ធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ហើយការប្រឡង QCM និង ធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នៅតាមមណ្ឌល ប្រមូលផ្តុំ ក្រុង ស្រុក ខណ្ឌ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖