បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៦ ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក មាស សាលី បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិកសាងគ្រួសារយ៉ាងមានសុភមង្គលនៅទីនោះ និង ទទួលបានចំណងដៃកូនប្រុសមួយរូប។
ក្នុងនោះដែរ ក្រោយលោក មាស សាលី បានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិកជាមួយភរិយា និង កូនប្រុសហើយនោះ គេក៏បានឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក វេហាស៍ ប្អូនប្រុសរបស់លោក មាស សាលី ក៏បានទៅរស់នៅជាមួយបងប្រុស និង បងថ្លៃស្រីនៅសហរដ្ឋអាមេរិកផងដែរ ដោយបច្ចុប្បន្ន លោក វេហាស៍ ក៏មានការងារធ្វើនៅទីនោះដូចគ្នា។
ជាការពិត ក្រោយចាកចេញទៅរស់នៅអាមេរិកជួបជុំបងប្អូនហើយនោះ គេសង្កេតឃើញតារាចម្រៀងប្រុសទាំង ២ រូប តែងបង្ហាញជីវិតយ៉ាងមានសុភមង្គលនៅទឹកដីសហរដ្ឋអាមរិក ដោយក្រៅពីបំពេញការងារ លោក វេហាស៍ និង លោក មាស សាលី បានផលិតមាតិកានានា ជាពិសេសនោះ គឺការចម្អិនម្ហូបតែម្តង។
ទន្ទឹមនឹងគ្នានោះដែរ ក្រឡេកទៅមើលលោក វេហាស៍ និង បងថ្លៃស្រី គឺភរិយាលោក មាស សាលី ឯណោះវិញ ក៏ត្រូវបានអ្នកនិយមទស្សនាវីដេអូពួកគេ បានសរសើរពីទំនាក់ទំនងបងថ្លៃប្អូនថ្លៃមួយគូនេះយ៉ាងខ្លាំង។ ក្នុងនោះ ជារឿយៗគេតែងឃើញ លោក វេហាស៍ និង បងថ្លៃស្រីថតវីដេអូចម្អិនម្ហូប និង ក្លែមពាក្យសម្តីបែបកំប្លុកកំប្លែងជាមួយគ្នា ទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀតផង៕








