ពិតជារឿងរ៉ាវដ៏គួរឱ្យហួសចិត្តណាស់ ដែលស្រ្តីចំណាស់ជនជាតិអាមេរិក វ័យ ៧៦ ឆ្នាំម្នាក់ មានសំណាងត្រូវឆ្នោតជាង ២ លានដុល្លារ ប៊ិះនឹងក្លាយជាសេដ្ឋីទៅហើយ តែភ្លេចកន្ទុយឆ្នោតនៅក្នុងហោប៉ៅអាវ ហើយស៊យអីយកអាវនោះទៅបរិច្ចាគបាត់ទៀត។
ស្រ្តីរូបនេះមានឈ្មោះ Mildred Simoneriluto ដោយកាលពីខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ លោកយាយបានដើរទិញអិវ៉ាន់នៅហាងមួយក្នុងទីក្រុង Morrisville រដ្ឋ Pennsylvania ព្រមទាំងឆ្លៀតទិញឆ្នោត Cash 5 មួយសន្លឹក ហើយក៏ដាក់ចូលហោប៉ៅអាវ រួចក៏ភ្លេចបាត់ឈឹង។ លុះក្រោយពីឆ្នោតចេញហើយបាន ២ សប្តាហ៍ យាយក៏ផ្ទៀងលេខឆ្នោត ហើយក៏បានឃើញថាយាយត្រូវឆ្នោតរង្វាន់ធំ រហូតដល់ទៅ ២.៥ លានដុល្លារឯណោះ តែអ្វីគួរឱ្យសោកស្តាយ យាយរកកន្ទុយឆ្នោតមិនឃើញឡើយ។
តាមពិតទៅកន្ទុយឆ្នោត គឺនៅក្នុងហោប៉ៅអាវដែលយាយបានពាក់នៅថ្ងៃទិញឆ្នោត តែសំណាងមិនល្អយាយបានយកអាវនេះ រួមទាំងខោអាវផ្សេងទៀតរបស់ខ្លួនទៅបរិច្ចាគទៅមូលនិធិ “Vietnam Veterans of America” បាត់ទៅហើយ។ យាយបានទូរស័ព្ទទៅសួរខាងមូលនិធិ តែគេបានប្រាប់ថាខោអាវយាយត្រូវបានចែកចាយទូទាំងប្រទេសទៅហើយ។ ខាងក្រុមហ៊ុនឆ្នោតក៏បានទុកពេលឱ្យយាយចំនួន ១ ឆ្នាំក្នុងការរកកន្ទុយឆ្នោតផងដែរ តែសំណាងមិនល្អ យាយរកមិនឃើញឡើយ៕
ប្រភព៖ Sanook