កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីទឹកជំនន់ហូរបំបុកភ្លាមៗ បណ្តាលឱ្យមានការរអិលបាក់ដីនៅក្នុងភូមិប៉ាងអ៊ុង ឃុំម៉ែសឹក ស្រុកម៉ែចែម ខេត្តឈៀងម៉ៃ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា មកទល់ពេលនេះ ទំហំនៃការខូចខាតក៏កាន់តែកើនឡើង ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៤ នាក់ និង បាត់ខ្លួនចំនួន ៦ នាក់ ព្រមទាំងរបួសធ្ងន់ និងស្រាលចំនួន ១៥ នាក់។ ចំណែកផ្ទះសម្បែងវិញ មានការខូតខាតទាំងស្រុងចំនួន ៧ ខ្នង និង ខូចខាតដោយផ្នែកមានចំនួន ៣៣ ខ្នង។
ដោយឡែក ពេលនេះអាជ្ញាធរក្នុងតំបន់កំពុងស្វះស្វែងជួយសង្រ្គោះប្រជាជន ដោយព្យាយាមតាមរកជនដែលបានបាត់ខ្លួន និង បញ្ជូនជនដែលរងគ្រោះទីសង្រ្គោះនៅឯមន្ទីរពេទ្យ តែក៏មានការលំបាកជាខ្លាំង ព្រោះតែផ្លូវជាច្រើនត្រូវបានដើមឈើរលំបិទ ហើយផ្លូវខ្លះក៏បានដាច់តែម្តង៕
ប្រភព៖ Khaosod