ស្របពេលលើបណ្ដាញសង្គមផ្ទុះការវែកញែកខ្លាំងពាក់ព័ន្ធនឹងរឿងរវាងសិស្សច្បង និង សិស្សប្អូននោះ ថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី ពេជ្រ សូលីកា បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ខណៈបានឃើញនាងប្រកាសសុំលុបចោលកម្មវិធីលើឆាកតន្រ្តីផ្សេងៗ រយៈពេល ១ ខែ ដើម្បីសម្រាកលម្ហែខួរក្បាល។
ក្រោយប្រកាសផ្អាកចេញច្រៀងមួយរយៈ ក៏បានឃើញតារាចម្រៀងស្រី ពេជ្រ សូលីកា បង្ហាញសកម្មភាពធ្វើដំណើរជាមួយកូនប្រុសបណ្ដូលចិត្តចេញទៅក្រៅប្រទេស គឺទីក្រុងឌូបៃ ដែលអាចជាដំណើរកម្សាន្តលម្ហែចិត្ត និង ចំណាយពេលវេលានៅជិតមើលថែកូនប្រុស។
មកដល់ថ្មីៗនេះ តាមរយៈការបង្ហោះសកម្មភាពផ្សេងៗលើបណ្ដាញសង្គមរបស់អ្នកនាង ពេជ្រ សូលីកា បានឱ្យដឹងថា អ្នកនាងបានវិលត្រឡប់ពីលម្ហែចិត្តនៅក្រៅប្រទេសវិញហើយ និង កំពុងត្រៀមចេញច្រៀងតាមបណ្ដា Pub ផ្សេងៗដូចមុនវិញដែរ។
ស្របពេលត្រៀមវិលត្រឡប់មកវាយលុកឆាកតន្រ្តីវិញនេះដែរ អ្វីដែលធ្វើឱ្យមហាជនកំពុងផ្ទុះចាប់អារម្មណ៍ចំពោះតារាចម្រៀងស្រីរូបនេះទៀត ខណៈបានឃើញអ្នកនាងបង្ហោះសារមួយលើ Story ហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើល ដែលនិយាយពីអត្តចរិតខ្លះៗរបស់ខ្លួននាង។ ក្នុងនោះ អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់ថា ៖ «ខ្ញុំពិសពុល ចំពោះតែអ្នកពិសពុលដាក់ខ្ញុំមុនទេ ហើយក៏គ្មានអីត្រូវលាក់បាំងដែរ ព្រោះវាជាចរិតរបស់ Scorpio មកល្អ ទៅល្អ»៕