គិតមកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលតារាចម្រៀងរៀមច្បង យក់ ថិតរដ្ឋា បានវិលត្រឡប់មកកាន់វិស័យចម្រៀងវិញ និងក្លាយជាតារាចម្រៀងស្រីឯករាជ្យមួយរូប ដែលបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗពេញនិយម ក្ដោបយកប្រជាប្រិយភាពជាថ្មី។
ក្រោយប្រឡូកចូលសិល្បៈប៉ុន្មានឆ្នាំមកនេះ អ្នកនាង យក់ ថិតរដ្ឋា ក៏បានជួបនឹងព្យុះភ្លៀងមិនតិចដែរលើបណ្ដាញសង្គម ដោយធ្លាប់ទទួលរងការរិះគន់ផ្សេងៗ និង មានការរិះគន់លើរូបសម្រស់របស់អ្នកនាងទៀតផង ប៉ុន្តែកន្លងមក តារាចម្រៀងចាស់រស្សារូបនេះ ក៏មិនដែលចុះចាញ់ឡើយ ខណៈទទួលបានការលើកទឹកចិត្តគាំទ្រពីបណ្ដាមហាជនជាច្រើន ក៏ដូចជាមិត្តអ្នកសិល្បៈ និង ក្រុមគ្រួសារ។
លើសពីនេះ អ្នកនាង យក់ ថិតរដ្ឋា កាន់តែរឹងមាំ និង ស្វែងរកភាពជឿជាក់របស់ខ្លួនឡើងវិញ ដោយបានសំងំថែសុខភាព និង សម្រស់កាន់តែក្មេងជាងវ័យ ដែលបានឃើញអ្នកនាងថែសម្រស់កែកុនបន្ថែមបន្តិចរឹតតែខ្ញង់ ធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពេលបង្ហាញវត្តមានលើឆាកតន្រីម្ដងៗ។
ស្របពេលវិលឡើងឆាកច្រៀងពេញទំហឹង រីឯសម្រស់កាន់តែខ្ញង់ស្អាតវិញ មួយរយៈថ្មីនេះ អ្នកនាង យក់ ថិតរដ្ឋា ក៏កាន់តែឡើងកូដ ខណៈទីផ្សារសិល្បៈរបស់អ្នកនាងហក់ឡើងខ្លាំង ដែលលេចវត្តមានលើឆាកប្រគំតន្រ្តីតូចធំជាហូរហែ ជាពិសេសតាមបណ្ដាភោជនីយដ្ឋានឯកជន Pub, Club ផ្សេងៗសឹងតែរាល់ថ្ងៃ៕