បើទោះជា បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា-ថៃ បានចូលជាធរមានហើយតាំងពី យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ វេលម៉ោង ២៤:០០ ក្តី ក្រឡេកទៅមើលស្ថានភាពជនភៀសសឹកឯណោះវិញ ក៏មិនទាន់បានវិលត្រឡប់ទៅកាន់ស្រុកភូមិកំណើតវិញទាំងអស់នៅឡើយនោះទេ។

ក្នុងការជម្លៀសខ្លួននោះដែរ បានធ្វើឱ្យមហាជនជាច្រើនស្រណោះយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា ដោយមានទាំងចាស់ជរា ស្ត្រីពពោះ ស្រ្តីទើបសម្រាលកូនក្តី។ ជាពិសេសនោះ គឺកុមារៗ ដែលត្រូវចាកចេញពីទីលំនៅទាំងខ្លះមិនទាន់យល់ថាអ្វីជាសង្គ្រាមនៅឡើយ។ ម្យ៉ាងវិញទៀត រយៈពេលនេះ កុមារជាច្រើនខកខានទៅរៀនសូត្រថែមទៀត។

ស្របពេលជនភៀសសឹក មិនទាន់បានវិលត្រឡប់ចូលទៅផ្ទះសម្បែងវិញ ក្រឡេកទៅមើល «ភ្លើងគប់» ដោយមានការដឹកនាំដោយ កញ្ញា រិទ្ធី លំអរពេជ្រ និង ក្រុមការងារ ព្រមទាំងសិល្បករបុរាណ សម័យជាច្រើន បានរៀបចំកម្មវិធីកម្សាន្ត «ពេទ្យសិល្បៈជំរំ» ទៅតាមទីភៀសខ្លួននៅក្នុងខេត្តព្រះវិហារ ដើម្បីសម្រួលភាពតានតឹងដល់ជនភៀសសឹក ជាពិសេស កុមារៗតែម្តង។

យ៉ាងណាមិញ ក្នុងការសម្តែងតាមជំរំភៀសសឹកនេះដែរ ក្នុងនាមជាសិល្បករមួយរូប តួត្លុក រិទ្ធ ដារ៉ូ ហៅព្រះនាងតូច បានបង្ហាញអារម្មណ៍ក្តុកក្តួលថា ខ្លួនធ្លាប់តែឮចាស់ៗតំណាលប្រាប់ តែពេលនេះបានជួនស្ថានភាពដោយខ្លួនឯងហើយ ដោយលោក និង ក្រុមសិល្បៈបានទៅសម្តែងនៅជំរំជាបន្តបន្ទាប់៕




