ថ្មីៗនេះ មានករណីដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសថៃ ដែលមានបុរសម្នាក់បានដើរទៅសុំប៉ូលិសចូលគុក ព្រោះតូចចិត្តរឿងប្រពន្ធឈប់ស្រឡាញ់ ដោយសារតែអាអូនតូចមិនឡើង។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងអ៊ុដនថានី ដោយបុរសខាងលើមានវ័យ ៤៨ ឆ្នាំ មានអាជីពជាអ្នករើសរបស់ចាស់ៗតាមផ្លូវទៅលក់។ នៅថ្ងៃកើតហេតុបុរសរូបនេះបានចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយបានរៀបរាប់ថា ប្រពន្ធរបស់ខ្លួនបានចុះចោលទៅមានប្តីថ្មីហើយ ព្រោះតែរឿងអាអូនតូចរបស់ខ្លួនមិនឡើង។ ហើយនាងបាននាំប្តីថ្មីមកឡកឡើយរឿងនេះដាក់ខ្លួនថែមទៀត ទើបខ្លួនបែកគំនិតទៅជក់គ្រឿងញៀន ហើយសុំប៉ូលិសចូលគុកតែម្តង ព្រោះរស់នៅក៏គ្មានន័យអ្វីទៀតដែរ ម្យ៉ាងមិនចង់ឱ្យប្រពន្ធខ្លាចថាខ្លួនទៅរករឿងបំផ្លាញក្តីសុខរបស់នាងទៀត។
យ៉ាងណាមិញ ក្រោយពីសួរនាំរួចរាល់ខាងប៉ូលិសក៏បានឱ្យបុរសរូបនេះពិនិត្យទឹកនោម ក៏ឃើញថាមានសារធាតុញៀនពិតមែន ហើយក៏និយាយលួងលោម និង បានបញ្ជូនទៅព្យាបាលផ្តាច់គ្រឿងញៀននៅឯមន្ទីរពេទ្យ៕
ប្រភព៖ CH7