ក្រៅពីផ្កាហើយនោះ សូកូឡាក៏ជានិមិត្តរូបដ៏សំខាន់មួយនៅក្នុងថ្ងៃ Valentines ដែរ ហើយជាពិសេសនោះ គេសង្កេតឃើញថាប្រអប់ដែលដាក់សូកូឡានៅក្នុងថ្ងៃ Valentines នេះ ភាគច្រើនគឺសុទ្ធតែមានរូបរាងបេះដូង។ យ៉ាងណាមិញ នេះមិនមែនជាការរចនាដែលទើបតែមាននោះទេ តែវាមានជាយូរមកហើយ។
ក្នុងនោះ លោក Richard Cadbury ដែលជាអ្នកផលិតសូកូឡាជនជាតិអង់គ្លេសក្នុងឆ្នាំ ១៨០០ បានប្រើកាកាវដែលលើស និង សល់ក្នុងការផលិតសូកូឡារបស់លោក យកទៅវេចខ្ចប់ដាក់ក្នុងប្រអប់រូបបេះដូងយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញអតិថិជនឱ្យចាប់អារម្មណ៍ទិញ។
យ៉ាងណាមិញ ប្រអប់រូបបេះដូងនេះ មិនត្រឹមតែសម្រាប់ជាអំណោយកាដូនោះទេ តែគេក៏ទុកវាជាវត្ថុអនុស្សាវរីយ៍សម្រាប់រក្សាទុកសំបុត្រស្នេហា ឬសក់ផងដែរ។ ដោយឡែក ក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ ការផលិតសូកូឡាបានថយចុះ តែក្រោយសង្រ្គាមរួចប្រអប់សូកូឡារាងបេះដូងក៏ទទួលបានប្រជាប្រិយភាពឡើងវិញ ហើយបានក្លាយជានិមិត្តរូបនៃក្តីស្រលាញ់ និងស្នេហាដ៏យូរអង្វែងតាំងពីពេលនោះមក៕
ប្រភព៖ Sanook