ប្រិយមិត្តជាច្រើន ច្បាស់ជាបានជ្រាបហើយនូវវត្តមាននៃការធ្វើដំណើរមកកាន់ប្រទេសកម្ពុជារបស់តារាសម្ដែងបូលីវូដដ៏ល្បីល្បាញ លោក GAGAN Malik ដែលត្រូវបានគេស្គាល់ច្បាស់ជាតារាសម្តែងតួអង្គព្រះពុទ្ធ និង ព្រះរាម។
ក្នុងនោះ តារាសម្ដែងបូលីវូដដ៏ល្បីល្បាញ លោក GAGAN Malik កន្លងមក បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និង ទស្សនកិច្ចនៅតំបន់អង្គរទឹកដីខេត្តសៀមរាប ដើម្បីចូលរួមស្វែងយល់ពីសម្បូរសម្បត្តិវប្បធម៌ខ្មែរ និង តំបន់ទេសចរណ៍ផ្សេងៗរបស់ខ្មែរ។ លើសពីនោះ លោក GAGAN Malik ក៏ត្រូវបានតែងតាំងក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍កម្ពុជាទៀតផង។
ដោយឡែក នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក Gagan Malik បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀតហើយ ដោយការមកដល់លើកនេះលោកបានចុះចតនៅឯអាកាសយាន្តដ្ឋានតេជោជាលើកដំបូង ដោយលោកបានបង្ហាញអារម្មណ៍ ថាអាកាសយាន្តដ្ឋានថ្មីពិតជាស្រស់ស្អាត និង បានលើកទឹកចិត្តមហាជនមកលេងកម្ពុជាទៀតផង។
ការមកដល់ប្រទេសកម្ពុជាលើកនេះ មិនខុសពីលើកមុននោះឡើយ លោក GAGAN ទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍កម្ពុជា គឺធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ម្យ៉ាងវិញទៀត លើកនេះ គឺលោកបានជំរុញប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផង៕