កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនៅក្នុងរង្វង់សិល្បៈបានចូលរួមជូនពរដល់ តារាកំប្លែងជើងចាស់ នាយកុយ ដោយលោកបានបង្ហោះសារជម្រាបដំណឹងពីសុខភាព ដែលត្រូវចូលបន្ទប់វះកាត់ជាបន្ទាន់។
ក្នុងនោះដែរ នាយកុយ បានធ្វើការវះកាត់ដុំសាច់ដុះក្នុងក្រពះនៅមន្ទីរពេទ្យមួយ ក្នុងប្រទេសថៃ ដោយស្ថានភាពសុខភាព ក្រោយការវះកាត់បានធ្វើឱ្យមហាជន អ្នកគាំទ្រ និង មិត្តក្នុងរង្វង់សិល្បៈមានការព្រួយបារម្ភជាខ្លាំង។
នៅយប់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ កូនស្រីរបស់តារាកំប្លែងជើងចាស់ នាយកុយ ក៏បានបង្ហោះរូបភាពលោកឪពុកបានភ្ញាក់ពីសន្លប់ និង ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ តែកាយសម្បទានៅមិនទាន់រឹងមាំនៅឡើយ។
យ៉ាងណាមិញ ក្រោយឃើញ នាយកុយ បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ និង ដឹងខ្លួនឡើងវិញក្រោយសន្លប់អស់រយៈពេល ៤ ថ្ងៃហើយនោះ មហាជន អ្នកគាំទ្រ និង សិល្បករ សិល្បការិនីជាច្រើន បានបង្ហាញអារម្មណ៍រីករាយ និង ជូនពរឱ្យ នាយកុយ ឆាប់ធូរស្រាលទទួលបានសុខភាពល្អឡើងវិញ៕