មហាជននិយមតាមដានទស្សនាខ្សែភាពយន្ត ច្បាស់ជាបានស្គាល់មកហើយតារាសម្តែងជើងចាស់ អ្នកស្រី Red Rose ដែលនិយមសម្តែងជាតួអង្គម្តាយ។ ក្នុងនោះ អ្នកស្រី ក៏មានកូនប្រុសស្រី ជាតារាសម្តែងដូចគ្នាដែរ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកសិល្បៈដូចគ្នាបានទៅចែករំលែកនូវសាររបស់អ្នកស្រីពាក់ព័ន្ធនឹងកម្រៃនៃការទទួលបានពីការសម្តែង។ លើសពីនោះ គឺពាក់ព័ន្ធនឹងប្រាក់ឈ្នួលនៃការថតគិតថ្ងៃរបស់អ្នកស្រី ពីការទទួលការងារពីផលិតករមួយចំនួន។
អ្នកស្រី Red Rose បានរៀបរាប់ថា៖ «សូមផ្ដាំដល់បងប្អូនសិល្បករ ពេលដែលទទួលគេថតត្រូវសួរឱ្យច្បាស់ពីពេលវេលា កុំឱ្យខកចិត្តដូចខ្ញុំ។ ផលិតករមួយចំនួនតូចកេងប្រវ័ញ្ចលើកម្លាំងញើសឈាមតួចាស់ៗខ្លាំងណាស់! ឱ្យយើងទៅដល់ទីតាំងម៉ោង ៧:៣០ ព្រឹក ថតរហូតដល់ស្អែកឡើងម៉ោង ៦:០០ ព្រឹកវិញបានចប់។ សុំសួរមតិបងប្អូនបន្តិច តើការគិតលុយឱ្យតែមួយថ្ងៃត្រឹមត្រូវដែរទេ? សូមខមមិនគាំទ្រម្នាក់មួយមក! តែខ្ញុំបានប្រាប់ថាខ្ញុំសុំគិត ២ ថ្ងៃ តែខាងផលិតកម្មនៅតែគិតឱ្យ ១ ថ្ងៃ ដូចជាបំបាក់ទឹកចិត្តយាយចាស់ តាចាស់ពេកហើយ។ ពេលតួចាស់ៗគេមិនហៅថត កាន់តែក្រគ្មានលុយទិញថ្នាំបែរជានិយាយបែបមើលងាយថាចាស់ៗសុំតែជំនួយ! ចុះពេល ដែលហៅគាត់ថតមួយរឿងមានប៉ុន្មានថ្ងៃ? ហើយមួយថ្ងៃឱ្យគាត់ប៉ុន្មានដែរ? នេះហើយ ជាហេតុផល ដែលតួចាស់ដូចខ្ញុំកាន់តែក្រ»៕