មហាជនប្រាកដជាធ្លាប់ឃើញមកហើយនូវឃ្លាជាភាសាអង់គ្លេសថា «Don’t Thai to me» ដែលឃ្លានេះគេនិយមប្រើឌឺដងទៅកាន់ប្រទេសថៃ នៅពេលដែលមានជម្លោះ ឬ រឿងមិនពេញចិត្តអ្វីមួយទៅកាន់ប្រទេសនេះ។ យ៉ាងណាមិញ តើឃ្លានេះមានន័យដូចម្តេច បានជាប្រជាជនថៃខ្មាសគេដូចដើរស្រាតខោ នៅពេលដែលឃើញជនបរទេសនិយាយឃ្លានេះមកកាន់ខ្លួន?
តាមពិតទៅពាក្យ «Don’t Thai to me» គឺចាប់ផ្តើមមានដើមកំណើតនៅក្នុងឆ្នាំ ២០១៣ ដែលកាលនោះ ពួកយុវវ័យនៃប្រទេសម៉ាឡេស៊ី ហុងកុង និង សិង្ហបុរី នាំគ្នានិយាយជាឃ្លាលេងសើច រួចក៏ចាប់ផ្តើមមានការចែកចាយល្បីពេញសហគមន៍ប្រទេសក្នុងអាស៊ីអាគេ្នយ៍តែម្តង។ ពាក្យនេះបើសិនជាបកឱ្យចំ គឺមានន័យថា «កុំមកថៃដាក់ខ្ញុំ» តែបើកបកជាន័យធៀប គឺមានន័យថា «កុំមកកុហកខ្ញុំ» ឬ «កុំបោកប្រាស់ខ្ញុំ» ជាដើម ។
យ៉ាងណាមិញ ប្រជាជនថៃមិនចូលចិត្តពាក្យនេះឡើយ ព្រោះភាគច្រើនជនបរទេសដែលមានទំនាស់ជាមួយប្រជាជនថៃតែងតែប្រើពាក្យនេះដើម្បីឌឺដងផ្លែផ្កា ដោយសារតែជួនកាលអាចសង្កត់ន័យថា ប្រជាជនថៃគឺជាមនុស្សពូកែកុហក និង ពូកែបោកប្រាស់ផ្សេងៗ។ លើសពីនេះទៅទៀត ប្រជាជនថៃនាំគ្នាខ្លាចឃ្លានេះខ្លាំង ព្រោះតែភ័យព្រួចថាអន្តរជាតិនឹងមើលមកប្រទេសថៃថាជាប្រទេសបោកប្រាស់ពិតមែន ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះវប្បធម៌ និង អរិយធម៌របស់ប្រទេសពួកគេ៕