ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរយើង តែងតែប្រារព្ធធ្វើពិធីបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថាជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត។
ក្នុងនោះដែរ កៀកនឹងថ្ងៃពិធីបុណ្យខិតជិតមកដល់ វត្តនិគ្រោធវ័នគល់ទទឹង បានជូនដំណឹងពីកម្មវិធីបុណ្យមាឃបូជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្អែកនេះ ឱ្យបានដឹងថា នៅវត្តនិគ្រោធវ័នគល់ទទឹង នឹងមានការដង្ហែមហាមាឃបូជាជុំវិញបរិវេណវត្តដូចរាល់ឆ្នាំ ព្រមទាំងមានពិធីរាប់បាត្រព្រះសង្ឃចំនួនជាង ២០០ ព្រះអង្គ មានបង្ហូតទង់សាសនា បង្ហោះប៉េងប៉ោង ដង្ហែប្រទីប បូជាប្រទីប និងកម្មវិធីជាច្រើនទៀតផងដែរ។
គួរឱ្យដឹងថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន ដើម្បីរំឭកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និង ថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ៕