នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រសួងការពារជាតិ បានឱ្យដឹងថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។

ជាក់ស្តែង ទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ ២០០០(MOU-2000) ហើយបានដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និង បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និង សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
ជាមួយគ្នានេះ ឧប្បត្តិហេតុខាងលើ ក៏បានចោទជាសំណួរផងដែរ ថាតើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។

ក្នុងនោះ ក្រសួងការពារជាតិ បន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និង ជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន៕